ភ្នំពេញ៖ បុរសម្នាក់ត្រូវអ្នកអូសរទេះ ដឹកឥវ៉ាន់ដូចគ្នា វាយបែកក្បាលហូរឈាមដូចទឹកដោយសារតែរឿងដណ្ដើមម៉ូយគ្នាអូសឥវ៉ាន់ ហេតុការនេះបានបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវឌឺងហែម សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បុរសដែលគេវាយ បែកក្បាលមានឈ្មោះ កែវ ឈីម ប្រុសអាយុ ៥៨ឆ្នាំ មុខរបរអ្នកអូសរទេះនៅផ្សារនាគមាស ស្នាក់នៅតាមសំយាបផ្ទះគេ ។ បើតាមសម្ដី បុរសរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានត្រូវគេហៅទៅអូសឥវ៉ាន់ ដោយម្ចាស់ប្រាប់ថា ប្រញ៉ាប់ភ្លាមនោះ បុរសដែលវាយគាត់បែកក្បាលនិយាយជាម៉ូយខ្ញុំហេតុអ្វី បានជាមកដណ្ដើមអ៊ីចឹង ក្រោយពីឈ្លោះរួច គាត់ក៏អូសទំនិញទៅឱ្យគេបាត់ទៅ ។

លុះមួយសន្ទុះក្រោយមក ស្រាប់តែអ្នកអូសរទេះ ដែលមានឈ្មោះ ពៅ ដែលឈ្លោះជាមួយគាត់ បានដើរយកដុំថ្មមកវាយ គាត់បែកក្បាលហូរឈាម ដូចទឹកនៅក្នុងផ្លូវ ឌឺងហែម រួចគេចខ្លួនបាត់ស្រមោលទៅ ។

ក្រោយពេល កើតហេតុសម្ថតកិច្ចបានចុះទៅសួរនាំ និងហៅរថយន្តសង្រ្គោះមកដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យ ។ តែបើតាមសម្ដី អ្នកស្គាល់គាត់ប្រាប់ថា គាត់ផឹកស្រាស្រវឹងរាល់ហើយថ្ងៃនេះ បែបគាត់ស្រវឹងខ្លាំងហើយមើលទៅ ថែមនិយាយឱ្យគេទៀតគេវាយបែកក្បាលបែបនេះ ៕