ខេត្តតាកែវ៖ ក្មេងស្ទាវម្នាក់បានផ្លោះរបងចូលរំលោភក្មេងស្រីរងគ្រោះ រហូតបានសម្រេច ហើយរត់គេចខ្លួនបាត់ ក៏ត្រូវសមត្ថកិច្ចជំនាញតាមស្រាវជ្រាវ និងចាប់ខ្លួនបាត់ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី។

មន្ត្រីនគរបាលស្រុកបាទី បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ យិន យី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី។

មន្ត្រីនគរបាលស្រុកបាទី បានបន្តថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យខាងលើ បានផ្លោះរបងចូលផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ហើយធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីរងគ្រោះឈ្មោះ ខ ណ អាយុ១១ឆ្នាំ រហូតបានសម្រេច។ បន្ទាប់មកជននេះបានគំរាមសម្លាប់ក្មេងស្រីរង​គ្រោះថា បើសិនហ៊ានយករឿងនេះទៅប្រាប់ឪពុកម្តាយគេនឹងសម្លាប់ចោល។

មន្ត្រីនគរបាលដដែល បានបន្តថា ក្រោយពេលរំលោភបានសម្រេចហើយ ជនសង័្សយក៏បានរត់គេចខ្លួនបាត់ លុះមកដល់ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ក្មេងស្រីរងគ្រោះក៏យករឿងហ្នឹងប្រាប់ឪពុកម្តាយរបស់នាង ទើបពួកគាត់មកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលស្រុកបាទី។ ក្រោយពេលទទួលបានពាក្យបណ្តឹងពីឪពុកម្តាយរបស់ក្មេងរងគ្រោះហើយ លោក​វរសេនីយ៍ឯក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី ក៏បានបញ្ជាកម្លាំងសមត្ថកិច្ចរបស់ខ្លួនតាមចាប់ខ្លួនជនសង្ស័យខាង​លើ រហូតដល់វេលាម៉ោង៤ល្ងា ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ទើបចាប់ខ្លួនជនសង្ស័យបាន។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាង​សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី ៕