ខេត្ត​ព្រះសីហនុ៖ បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារថយន្ត៣គ្រឿងបើកបុកគ្នា ក្រឡាប់សង្កត់ពីលើ កាល​ពីវេលា​ម៉ោង៨ និង១០នាទីយប់ នៅថ្ងៃទី​៩ ខែ​តុលា​​​ ឆ្នាំ​២០១៧​ នៅលើផ្លូវ​ជាតិ​លេខ​៤ ត្រង់ចន្លោះគីឡូម៉ែត្រ​២០២-២០៣ ខាង​កើត​ស្ពាន​អូរ​កំបុត​ ស្ថិតក្នុង​ភូមិ​អូរ​តា​សេក​ ឃុំ​អូរឧកញ៉ាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ គេឃើញរថយន្ត​មួយគ្រឿងសណ្ដោង​រ៉ឺម៉ក​ដឹក​ខ្សាច់ ​ម៉ាកហ៊ីយ៉ាន់ដាយ (​HYUNDAI)​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ព្រះសីហនុ ​3A-1651​ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពី​ភ្នំពេញ​ឆ្ពោះទៅកាន់ខេត្ត​ព្រះសីហនុ​ ស្របទិសគ្នាជាមួយនឹង​រថយន្ត១គ្រឿង ​ម៉ាក​មីតស៊ុយប៊ីហ្ស៊ី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AO-3143 (ជិះគ្នា២នាក់)។

លុះពេលរថយន្តដឹកខ្សាច់បើកមកដល់ចំណុចកើតហេតុ ក៏ឡើងវ៉ារថយន្តមីតស៊ុយប៊ីហ្ស៊ី(Mitsubishi) តែដោយសារ​ផ្លូវ​កោង និង​មាន​ស្ពានផង​ ព្រមទាំងមាន​​រថយន្តកុងតឺន័រ​ មួយ​គ្រឿង​ ម៉ាកហ៊ីណូ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C-6132​ ​បេីក​បញ្រ្ចាស​ទិស​គ្នា​​មកដល់​ ធ្វើឲ្យអ្នកបើកបររថយន្ត​ដឹកដី​ខ្សាច់​ បួងចង្កូតគេច​ តែគេចមិនផុតក៏ជ្រុលទៅបុក​​រថយន្ត​ដឹកកុងតឺន័រ​ ហើយបន្ត​កៀររថយន្តមីតស៊ុយប៊ីហ្ស៊ី​ អូសប្រហែល​ជា​ ៣០ម៉ែត្រ​ បណ្ដោយ​ឲ្យ​ក្រឡាប់​ កៀប​សង្កត់​មនុស្ស​ក្នុង​រថយន្តស្លាប់យ៉ាងអណោចអធ័មម្នាក់ និងរបួសធ្ងន់ម្នាក់។

ប្រភពព័ត៌មានដដែល បានបន្តថា អ្នកដែលជិះនៅក្នុងរថយន្តមីតស៊ុយប៊ីហ្ស៊ីនោះ​ ទី១-ឈ្មោះ​ ឃូ​ ស៊ី​មន​ ភេទ​ប្រុស​ អាយុ​៤២ឆ្នាំ​ (អ្នកបើកបរ ស្លាប់) មានលំនៅ​ក្នុងសង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ និងទី២-​ឈ្មោះ​ អាត​ សិលា ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរ​ជានិស្សិត​(រងរបួសធ្ងន់) មានលំនៅ​ក្នុងសង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​ ​ភ្នំពេញ។ ដោយ​ឡែកអ្នកបើកបរថយន្តធំទាំង២គ្រឿង បានរត់គេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ ហើយធ្វើកំណត់ហេតុ​ប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យក្រុមគ្រួសារដឹកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តទាំង៣គ្រឿង ត្រូវ​សមត្ថកិច្ចវាស់វែង និងយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាល ដើម្បីរង់ចាំចាត់ការតាមច្បាប់៕