ភ្នំពេញ៖ ជាងសំណង់ម្នាក់ ខណៈពេលលើកដែក រនាំងយកធ្វើដំបូល ប្រក់ផ្ទះកម្ពស់៥ម៉ែត្រ មិនប្រយ័ត្នប៉ះនឹងខ្សែកាប្លិ៍ ភ្លើងរដ្ឋឆ្លងចរន្តអគ្គិសនី ឆក់ឆេះខ្លោច ត្រឹមចង្កេះដល់ចុងជើង រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ នៅចុះណុចផ្ទះដែលកំពុងសាងសង់មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្រុម១៩ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។​

ជនរងគ្រោះ ឈ្មោះ ប៉ូ សុខលី ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជាងសំណង់ មានលំនៅភូមិបន្ទាន់ភ្លា ឃុំសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ​ម្ចាស់ផ្ទះឈ្មោះ យាយខុម អាយុជាង៦០ឆ្នាំ ស្នាក់នៅកើតហេតុ។​

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុ ជនរងគ្រោះបានឡើងទៅលើ ដំបូលកម្ពស់៥ម៉ែត្រ រួចឲ្យកូនជាង លើកដែកដៃរនាំងប្រវែង៦ម៉ែត្រ លើកហុចពីក្រោម ឲ្យគាត់នៅលើដំបូល ដើម្បីយកទៅវៃដៃរនាំងប្រកដំបូលផ្ទះ។​

ប្រភពបានឲ្យដឹងថា ខណៈពេលកូនជាងហុចដែកដៃរនាំងទៅឲ្យរូបគាត់ លើកផុតពីដី មិនប្រយ័ត្ន បណ្តាលឲ្យកន្ទុយដែក ដៃរនាំងនោះ ទៅប៉ះនឹងខ្សែកាប្លិ៍ភ្លើងរដ្ឋ ដែលនៅក្បែរផ្ទះ បង្កឲ្យឆ្លងចរន្តអគ្គិសនី ឆក់ផ្ទុះឆេះខ្លោច របកស្បែកត្រឹមចង្កេះ ដល់ចុងជើងប្រកាច់ប្រកិន រងរបួសធ្ងន់។

ភ្លាមៗនោះត្រូវបានជាង និងកម្មករធ្វើការជាមួយនោះ ជួយលើកសែងមកក្រោយ បាននាំគ្នាយកកប់ដីខ្សាច់ ហើយបានហៅរថយន្តសាមុយ មកដឹកទៅសង្គោះបន្ទាន់ នៅមន្ទីកាលម៉ែត្រផងដែរ៕