ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទំនិញ​ខូច​គុណភាព និង​ហួសការ​បរិច្ឆេទ នៅ​ផ្សារ​អូរ​ស្ងួត​ចាស់​ និង​ផ្សារ​បន្ទាយ​នាង​ ស្ថិត​ក្នុងឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បុរី កាលពីព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៧​។​

​លោក ហុង លៀង អនុប្រធាន​ទទួលបន្ទុក​ទីផ្សារ​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ បានឲ្យដឹងថា តាម​ការណែនាំ​ពី​លោករដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ ទើប​មន្ត្រី​សាខា​កាំកុងត្រូល​សហការ​ជាមួយ​មន្ត្រី​ នៃមន្ទី​រពាណិជ្ជកម្ម​ខេត្ត និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ​ចុះ​ពិនិត្យទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ​នៅ​ផ្សា​អូរ​ស្ងួត​ចាស់ និង​ផ្សារ​បន្ទាយ​នាង​ ស្ថិត​ក្នុងឃុំ​បន្ទាយ​នាង ​ស្រុក​មង្គល​បុរី​។​

​លោក​បាន​បញ្ជាក់ថា នៅពេល​​​សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ ឃើញថា​អាជីវករ​លក់ដូរ​ និង​ប្រជាពលរដ្ឋ​ទិញ​ទំនិញ មានការ​យល់ដឹង​ច្រើន​ ហើយ​ការចុះពិនិត្យ​ រក​មិនឃើញ​មាន​ទំនិញ​ខូច​គុណភាព ​និង​ហួសការ​បរិច្ឆេទ​នោះទេ​។ ទោះជាយ៉ាងនេះក្ដី មន្រ្ដីជំនាញនៅតែបន្ត​ណែនាំ​ដល់​អាជីវករ​ដែល​លក់ដូរ​ និង​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​សកម្មភាព​លក់​ និង​ទិញ​ទំនិញ​ខូច​គុណ​ភាណ​និង​ហួសការ​បរិច្ឆេទ​។​

​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ បានបញ្ជាក់​ថា ការចុះ​ពិនិត្យ ​និង​ផ្សព្វផ្សាយ​ដល់​អាជីវករ​ ពីទំនិញ​ខូច​គុណភាព​ និង​ហួសការ​បរិច្ឆេទនេះ ​គឺ​ត្រូវ​ធ្វើ​ជា​ប្រចាំ​នៅតាម​ទីផ្សារ​ ស្តង់ ​និង​សាលារៀន ដោយ​ផ្សព្វផ្សាយ និង​អប់រំ​ដល់​សិស្ស ឲ្យ​មាន​ការដឹងកាន់តែស៊ីជម្រៅ ពីគ្រោះថ្នា់ក់នៃទំនិញទាំងនោះ។​

ជាមួយគ្នានេះ លោកប្រធានក៏​បាន​សុំណូមពរ​ដល់​អាជីវករ ​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​​ទប់ស្កាត់​នូវការ​លួច​នាំ​ចូល​ទំនិញ​ខូច​គុណភាព​ និង​ហួសការ​បរិច្ឆេទ ពី​ប្រទេស​ជិតខាង​ ​ចូលមក​ក្នុងកម្ពុជា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខុមាលភាព​របស់បងប្អូន​ប្រជាពលរដ្ឋ​យើង៕