ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបើកម៉ូតូ ដឹកឈើយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកក្មេងប្រុសម្នាក់ អូសចម្ងាយប្រហែល៦ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចស្រែពាំង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង។

ប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ូតូដឹកឈើ ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រីឯក្មេងប្រុសរងគ្រោះ ឈ្មោះ ហុង ពិសិដ្ឋ អាយុ៧ឆ្នាំ រស់នៅភូមិកើតហេតុ

ប្រភពព័ត៌មានដដែល បានបន្តថា មុនពេកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូ ម៉ាកវ៉េវអាល់ហ្វា ដឹកឈើពេញម៉ូតូ តាម​បណ្ដោយផ្លូវជាតិលេខ៥៥ ក្នុងល្បឿនលឿន។ លុះពេលគេបើកម៉ូតូមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅកៀរក្មេងប្រុស​រងគ្រោះ អូសចម្ងាយប្រហែលជា១០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតហេតុត សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនក្មេងប្រុសរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល ដោយសាររបួសធ្ងន់ពេក ទើបធ្វើឲ្យគេដាច់ខ្យល់ស្លាប់ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នៅឯភ្នំពេញ។ ដោយឡែកអ្នកបើក​បរ និងម៉ូតូបង្កត្រូវសមត្ថកិច្ចនាំ ទៅកាន់អធិការដ្ឋាន នគរបាលស្រុកវាលវែង ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕