​ភ្នំពេញ៖ យោងតាម​របាយ​ការ​ណ៍ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៧ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ​កើតឡើង​ចំនួន១៥​លើក​(​យប់​៩​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៦​នាក់​(​ប្រុស​) រងរបួស​ធ្ងន់១៤​នាក់​(​ស្រី​៤​នាក់​) របួសស្រាល៣​នាក់​(​ប្រុស​)។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត ​សរុប២៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៦​គ្រឿង រថយន្ត​តូច៦​គ្រឿង និង​កង់​១​គ្រឿង ។​

​របាយការណ៍​ខាងលើ​ បានឲ្យ​ដឹង​បន្តថា មូល​ហេតុនៃ​គ្រោះថ្នាក់​ចរាចរណ៍នេះ គឺ​បណ្តាលមកពី​ល្បឿន៥​លើក មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​១ម្នាក់​) មិន​គោរព​សិទ្ធិ ៤​លើក​(​ស្លាប់​២​នាក់​) ស្រវឹង១​លើក​(​ស្លាប់​ម្នាក់​) ប្រជែង២​លើក​(​ស្លាប់​២​នាក់​) និង​បត់​គ្រោះថ្នាក់ ១​លើក ។​

​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ មាន​ផ្លូវជាតិ៩​លើក ផ្លូវ​ខេត្ត៦​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ៨​លើក រថយន្ត​ធុន​តូច ៥​លើក និង​រថយន្ត​ធំ ១​លើក ។​

​ខេត្ត-រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ចាមចំនួន២​លើក ស្លាប់​២​នាក់​ មណ្ឌលគិរីចំនួន២​លើក ស្លាប់ម្នាក់ របួសម្នាក់​ ភ្នំពេញចំនួន២​លើក ស្លាប់​ម្នាក់ របួស​២​នាក់​ ត្បូងឃ្មុំ១​លើក ស្លាប់ម្នាក់ និង​ខេត្តកំពង់ធំ ១​លើក ស្លាប់ម្នាក់ ។

យោងតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោកដដែល បានបន្តថា គិតចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៧ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់២៦​នាក់ រងរបួស​សរុប៩៨​នាក់ ក្នុងនោះ​របួសធ្ងន់៧៤​នាក់ និង​រងរបួស​ស្រាល២៤​នាក់៕