ខេត្តឧត្តរមានជ័យ​៖​ សត្វ​ដំរី​មួយ​ក្បាល ​រស់នៅ​ក្នុង​តំបន់​អភិរក្ស ​បរិស្ថាន​គូលែន​-​ព្រហ្ម​ទេព​ ស្ថិតក្នុងភូមិ​អូ​តា​ម៉ែ​ង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ បាន​ងាប់​ដោយសារ​តែ​វា មាន​អាយុកាល​វ័យ​ចំណាស់​ ក្នុង​ចំណោម​សត្វ​ដំរី​បួន​ក្បាល​ផ្សេងទៀត ដែលកំពុង​អភិរក្ស នៅក្នុងតំបន់នោះ​។​

​លោក​ ដាយ​រី​ច​ ថូ​ម​សាន់​ (Darrick​ Thomson)​ ​ជនជាតិ​អូស្ត្រាលី​​ ជា​ម្ចាស់​អភិរក្ស​ដំរី​ បាន​ឲ្យ​ដឹង​ថា​ ដំរី​ញី​ ឈ្មោះ​ ខាំ​លី​ន​ បាន​ងាប់ ​កាលពី​ល្ងាច​ម៉ោង​៥​ ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៧​ ដោយសារវាមាន​អាយុ​ជាង​ ៨០​ឆ្នាំទៅ​ហើយ​។​

​លោក ដាយ​រី​ច​ ថូ​ម​សាន់​ បានបន្ត​ថា​ ​ខាំ​លី​ន​ រួម​នឹង​​ដំរី​ញី​ចំនួន៣​ក្បាល​ទៀត​ ដែល​គាត់​បាន​ទិញ​ មក​ពី​ខេត្ត​មណ្ឌល​គី​រី​ ចំនួន​ ២​ក្បាល​ និង​ខេត្តរតនគិរី​ ចំនួន​២​ក្បាល​ កាលពី​អំឡុង​ឆ្នាំ​២០១២​ ដើម្បី​នាំមក​អភិរក្ស​ និង​សិក្សា​ពី​របៀប​រស់នៅ​របស់សត្វ​ដំរី​ ក្នុង​ប្រទេស​កម្ពុជា​ ក្រោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​លោក​រៀបចំ ​នៅ​ទីតាំង​តំបន់​បរិស្ថាន ​ដែន​គូលែន​-​ព្រហ្ម​ទេព​ ស្ថិត​នៅ​ប៉ែក​ឧត្តរ​(ខាងជើង) នៃ​ប្រទេស​កម្ពុជា​។​

​លោក​ ដាយ​រី​ច​ ថូ​ម​សាន់ បន្ត​ថា​ ដោយសារ​ជំងឺ​ចាស់ជរា​ ធ្វើឲ្យខាំ​លី​ន ​មាន​អាកា​រ​ធ្ងន់​ ដើរ​មិន​រួច​អស់​រយៈពេល ​ជាង​មួយ​អាទិត្យ​មក​ហើយ​ បើទោះជាក្រុម​ជំនាញ​ពេទ្យសត្វ​ មក​ពី​ប្រទេស​ថៃ​ ប្រចាំការ​នៅ​តំបន់​អភិរក្ស​ បាន​ខិតខំ​ព្យាយាម​ ព្យាបាល​យ៉ាងណា​ក្តី​ តែ​ក៏​មិន​អាច​ជួយ​បានដែរ​។​

​លោក​ ដាយ​រី​ច​ ថូ​ម​សាន់​ (Darrick​ Thomson)​ បាន​បន្ថែម​ថា​ លោក​មានការ​សោកស្តាយ ​ចំពោះ​ដំរី​ខាំ​លី​ន​ ដែល​លោក​អស់​សមត្ថភាព​ ក្នុង​ការ​ជួយ​សង្គ្រោះ​វា។ នេះក៏ដោយសារ​តែវាមាន​វ័យចាស់​ជរា​ពេក​ ហើយ​សាកសព​ដំរី​នេះ គឺលោក​បាន​រៀបចំ​កប់​ទុក ​នៅ​ក្បែរ​ស្នាក់​ការ​អភិរក្ស​ និង​និមន្ត​ព្រះសង្ឃ​ មកសូត្រ​មន្ត​ប​ង្សុកុ​ល ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ទៀត​ផង​៕​