ខេត្តកំពង់ធំ៖ យុវជនម្នាក់បានជិះម៉ូតូបោះពួយយ៉ាងលឿន ដួលបោកក្បាលនឹងថ្នល់ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មមួយរំពេច ហើយសាកសពត្រូវគេប្រទះឃើញ កាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៩-១២០ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍។

មន្ត្រីនគរបាលចរាចរស្រុកបារាយណ៍ បានឲ្យដឹងថា ជនរងគ្រោះ​ ឈ្មោះ អឿរ ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអង្គរនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ កំពង់ធំ 1H0083។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងសន្និដ្ឋានថា ករណីនេះទំនងជាជនរងគ្រោះជិះដួលដោយខ្លួនឯង ព្រោះប្រសិនបើរថយន្ដបុកវិញនោះ ម៉ូតូអាចនឹងខូចខ្ទេចខ្ទីអស់ជាមិនខាន។ បន្ទាប់ពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចក៏បានប្រគល់សាកសពឲ្យសាច់ញាតិ និងបងប្អូនដឹកទៅផ្ទះ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕