កាលពីថ្ងៃទី​ ៤ ខែតុលា ឆ្នាំ ២០១៧ ក្រុមហ៊ុន Vietjet បានប្រកាសថា ជើងហោះហើរ VJ926 របស់ខ្លួនធ្វើដែលដំណើរ ទៅកាន់ទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) ពីហៃហ្វុងកាលពីម្សិលមិញ ត្រូវបានចុះចតនៅឯអាកាសយានដ្ឋាន អន្តរជាតិ Noi Bai នៅទីក្រុងហាណូយ (វៀតណាម) បន្ទាប់ពីមានស្ត្រី ជាអ្នកដំណើរជនជាតិកូរ៉េម្នាក់ មានបញ្ហាពិបាកដកដង្ហើមកំរិតធ្ងន់។

បាទានុការរបស់​ Vietjet បានព្យាយាមសង្រ្គោះបឋម​ ប៉ុន្តែស្ថានភាពរបស់អ្នកជំងឺ នៅតែមិនបានប្រសើរឡើង ទើបធ្វើឲអាកាសយានិក បានសម្រេចចិត្តចុះចត ជាបន្ទាន់នៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីបញ្ជូនស្ត្រី ដែលជាអ្នកជំងឺនោះ ទៅមន្ទីរពេទ្យភ្លាមៗ។

អ្នកជំងឺត្រូវ បានទទួលការថែទាំ នៅឯព្រលានយន្តហោះ មុនពេលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយបុគ្គលិកព្រលានយន្តហោះ និងសាច់ញាតិរបស់នាង។ បន្ទាប់មកនាវិក និងអ្នកដំណើរទាំងអស់ ត្រូវរង់ចាំរហូតដល់ម៉ោង 00:30 នៅថ្ងៃបន្ទាប់​ សំរាប់ជើងហោះហើរថ្មី។​

បន្ទាប់ពីទទួលបានដំណឹងនេះ ស្ថានទូតកូរ៉េខាងត្បូង ប្រចាំប្រទេសវៀតណាម បានបញ្ជូនបុគ្គលិករបស់ខ្លួនភ្លាមៗ ដើម្បីមកតាមដានស្ថានភាព របស់អ្នកជំងឺ​ និងដើម្បីករណីចំបាច់ណាមួយ។ ក្រុមហ៊ុន Vietjet ក៏បានសម្រេចចិត្តបន្តសុពលភាព សំបុត្រហោះហើរ​ ដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់នាងផងដែរ បន្ទាប់ពីស្ថានភាព អ្នកជំងឺបានប្រសើរឡើង។​

ក្រុមហ៊ុន Vietjet បានបញ្ជាក់ថាស្ថានភាពនេះ បានធ្វើឲប៉ះពាល់ ដល់អ្នករួមដំណើរ 200នាក់ផ្សេងទៀត ប៉ុន្តែវាពិតជាមានតំលៃណាស់ ដែលយើងបាន សង្គ្រោះអ្នកដំណើរម្នាក់ក្នុង ករណីចាំបាច់បែបនេះ។



Vietjet ក៍បាន ណែនាំឲអ្នកដំណើរផ្សេងទៀត ដែលធ្លាប់មានបញ្ហា សុខភាពធ្ងន់ធ្ងរ ដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល បញ្ហាផ្លូវដង្ហើម ឬបញ្ហាសុខភាពធ្ងន់ធ្ងរដទៃទៀត។ ពួកគេ ត្រូវរៀបរាប់ពីប្រវត្តិសុខភាព នៅរាល់ពេលកក់សំបុត្រ ដើម្បីទទួលបាននូវការណែនាំ ដ៏ពិសេស និងជំនួយផ្នែកវេជ្ជសាស្រ្តត្រឹមត្រូវ​ផងដែរ ៕