ខេត្តបន្ទាយ​មាន​ជ័យ​៖​ ផ្ទះ​របស់សមាជិក​​ក្រុមប្រឹក្សា​ឃុំ​រហាល​ម្នាក់ បាន​​ឆ្លង​ចរន្តអគ្គិសនី​ បង្កឲ្យកើតអគ្គិភ័យឆាបឆេះ​អស់ស្ទើរ​ទាំងស្រុង​ កាលពី​វេលា​ម៉ោង​៣ និង៣០​នាទី​រសៀល​ ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៧​ ស្នៅក្នុង​ភូមិ​សាលា​ឆេះ​ ឃុំ​រហាល​ ស្រុក​ព្រះនេត្រព្រះ​។

​​​​សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ ឈ្មោះ​ យុន​ ឌី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ (​ជាង​ផ្សារ​ដែក​) មាន​ ប្រពន្ធ ​ឈ្មោះ​ ផុ​ន​ ម៉ា​លី​ អាយុ​៣៥​ឆ្នាំ​ មុខតួនាទីជាសមាជិក​ក្រុមប្រឹក្សា​ឃុំ​រហាល​ ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​ ក្នុង​ប្រតិប​ត្តិ​ការ​ជួយ​សង្គ្រោះ​ សមត្ថកិច្ច​ជំនាញពន្លត់អគ្គិភ័យ​បានប្រើ​ប្រាស់​ទឹក​ចំនួន​២ស៊ីទែន​ ប៉ុន្តែទំហំនៃការខូចខាត គឺសមត្ថកិច្ចនៅមិន​ទាន់​ដឹង​​នៅឡើយ​។

បើ​​តាម​សម្តី​ម្ចាស់ផ្ទះ ​បានឲ្យដឹង​ថា​ កាលពីវេលាខាងលើ ភ្លើងបាន​ឆាបឆេះផ្ទះរបស់គាត់ ​ហើយ​គាត់បានស្រែក​ហៅ​អ្នក​ជិតខាង​ឲ្យជួយ​ពន្លត់​ដែរ ​តែ​អណ្តាតភ្លើង​ឆាបឆេះ​ពេញទំហឹងទៅហើយ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានបើក​រថយន្ត​ពន្លត់អគ្គិភ័យ​១​គ្រឿង​មកជួយ​បាញ់​ទឹកពន្លត់​ តែ​ផ្ទះ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​ ហើយសមត្ថកិច្ចបានបាញ់​ការពារ​ មិន​ឲ្យ​ឆាបឆេះ​រាលដាល​ដល់​អ្នក​ជិតខាង​។​​

​​ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា​ អគ្គីិភ័យ​នេះបានឆាបឆេះ​ផ្ទះ​​ឈើ​ លើ​ថ្ម​ក្រោម​ ប្រក់​ស៊ី​ប្រូ​ មានបណ្តោយ​១៤​ម៉ែត្រ​ នឹងង​ទទឹង​១៣​ម៉ែត្រ​ និង​ទ្រព្យសម្បត្តិ​អស់​ស្ទើរ​ទាំងស្រុង​៕​ ​​