ភ្នំពេញ៖ នារីម្នាក់ឈឺពោះគ្រប់ខែ ប្តីមិនបាននាំប្រពន្ធ ទៅមន្ទីពេទ្យ ដោយសារវល់ទៅធ្វើការ នៅហាងក្រោយសាលារៀនសាមគ្គី ហើយប្រពន្ធក៏បានជិះកង់បី ទៅពេទ្យដើម្បី ឆ្លងទន្លេដោយខ្លួនឯង តែពេលដែលធ្វើដំណើរ បានពាក់កណ្តាលផ្លូវ នាងក៏បានឈឺពោះ ឆ្លងទន្លេនៅលើកង់បី ស្រាប់តែអ្នកបើកម៉ូតូកង់បី បានដាក់នាងចោល នៅក្រោមស្ពានអាកាស ហើយជិះទៅបាត់។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៧នឹង៣៥នាទីយប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយ ផ្លូវលេខ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។​
នារីឆ្លងទន្លេគ្រប់ខែ នៅតាមផ្លូវ មានឈ្មោះ កែវ ស្រីទៀង ភេទស្រី អាយុ២៨ឆ្នាំ ​(បំរើ​ការងារ នៅហាងកាហ្វេ ផ្លូវ៣៧១សូឡា) នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកំណើត ស្រុកអូឡេង ខេត្តកំពង់ចាម ​មានប្តីឈ្មោះ ផាន់ សីហា អាយុ២៩ឆ្នាំ មុខរបរជំនួយការចុងភៅ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុក កំណើតនៅស្រុកគគីរ ខេត្តកណ្តាល ។

តាមស្រ្តីឈឺពោះគ្រប់ខែខាងលើបានឲ្យដឹងថា កន្លងមក គាត់ធ្វើការនៅ ហាងកាហ្វេ បានស្រឡាញ់គ្នា ជាមួយបុរសម្នាក់ ជាជំនួយការចុងភៅ ធ្វើការនៅហាងក្បែរវិទ្យាល័យ ជាស៊ីម​សាមគ្គី ដោយរស់នៅជាមួយគ្នា ជាប្តីប្រពន្ធរហូតមានផ្ទៃពោះ គាត់មិនបាន ចាំថ្ងៃគ្រប់ខែច្បាស់​លាស់ទេ ហើយក៏មិនបាន ដឹងថាកូនក្នុងផ្ទៃស្រី ឬក៏ប្រុសដែរ។ នៅយប់កើតហេតុ គាត់មាន អាការៈឈឺពោះ សម្រាលកូន ហើយអត់មានលុយ នៅជាប់នឹងខ្លួនទេ ម្យ៉ាងទៀតប្តីទៅធ្វើការបាត់ ហើយអត់មានទូរស័ព្ទប្រើ ដើម្បីទំនាក់ទំនងទេ។

គាត់ក៏បានជិះរ៉ឺម៉កម៉ូតូមួយគ្រឿង គោលបំណងទៅរកប្តី នៅកន្លែងធ្វើការ ឲ្យជូនទៅមន្ទីរ​ពេទ្យ​ ជាអកុសល ពេលរ៉ឺម៉កម៉ូតូ ដឹកគាត់មកដល់ ក្រោមស្ពានអាកាស ស្ទឹងមានជ័យ អ្នករត់រ៉ឺម៉កម៉ូតូ ឃើញគាត់ឈឺពោះខ្លាំងពេក ខ្លាចសម្រាលកូន លើរ៉ឺម៉កម៉ូតូគាត់ ក៏បានដាក់រូបគាត់ចុះ នៅក្រោមស្ពានអាកាស ស្ទឹងមានជ័យ ហើយបើករ៉ឺម៉កម៉ូតូចេញទៅបាត់ទៅ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ពេលដែលអ្នក បើករ៉ឺម៉កម៉ូតូចេញទៅបាត់ នៅសល់តែស្រ្តីខាងលើ ឈឺពោះដើរចុះឡើង ក៏ត្រូវបានប្រជាពលរដ្ឋ នៅក្រោមស្ពាន សួរនាំដឹងរឿង ហើយបានរាយការណ៍ ទៅលោកនាយប៉ុស្តិ៍ទំនប់ទឹក ចុះមកដល់ បានសួររកលេខ ទូរស័ព្ទប្តីក៏អត់មាន ក៏បានហៅរ៉ឺម៉កម៉ូតូ មួយគ្រឿងទៀត ជូនទៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ។ ពេលទៅដល់មន្ទីរ​ពេទ្យ ស្រ្តីខាងលើ អត់មានលុយមួយរៀល ត្រូវបានលោកនាយប៉ុស្តិ៍ទំនប់ទឹក ឧបត្ថម្ភចំនួន១៦ម៉ឺនរៀល ទិញសារុងមួយ និងកន្សែងពោះគោមួយ ឲ្យផងដែរ តែពេលទៅដល់ មន្ទីរពេទ្យភ្លាមគ្រូពេទ្យបានពិនិត្យឃើញថា ស្បូនមិនទាន់បើកទេ ឲ្យនៅសម្រាកក្នុងមន្ទីរពេទ្យសិន។

ស្រ្តីខាងលើបានឲ្យដឹងថា រូបគេមិនមាន សាច់ញាតិអីទេ ហើយកូនដែលគាត់សម្រាល ចេញ​មកនេះ ទោះបីស្រីឬក៏ប្រុស ក៏គាត់ឲ្យទៅអ្នក ដែលចង់យកទៅចិញ្ចឹមដែរ ហើយស្រ្តីរូបនោះ បានសម្រាលកូន នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែតុលា បានទារកម្នាក់៕