ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រីផ្កាយមាស១ ខឹងអ្នកបើករថយន្តកុងទ័រនឺជិះបញ្ច្រាសទិសដៅចរាចណ៍ហើយបត់ចូលរោងចក្រ ក៏ឈប់រថយន្តចុះទៅសួរនាំ បែរជាអ្នកបើករថយន្ត​ រត់ចូលរោងចក្របាត់ បង្កឱ្យមានការឈ្លោះប្រកែកគ្នា ជាមួយប្រធានសន្តិសុខរោងចក្រ ត្រូវបានលោកផ្កាយមួយ យកបំពង់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់ដាក់ភ្នែកប្រធានសន្តិសុខរងរបួសធ្ងន់ ដែលហេតុការខាងលើនេះបានបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០​យប់ ថ្ងៃទី៥ ខែតុលា ​ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចរោងចក្រកាត់ដេរសំម្លៀកបពាក់ស្ព័រតិចអ៊ិនឌីសស្រ្តីយ៍ ស្ថិតនៅក្នុងសង្កាត់ប៉ុស្តិ៍គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ ។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រីផ្កាយមាស១ បំរើការនៅក្រសួងមហាផ្ទៃ ផ្នែកនាយក​ដ្ឋានកិច្ចការប៉ុស្តិ៍ បើករថយន្តម៉ាកឡិចស៊ីស470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-6181 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ។

ខណៈពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តកុងទ័រនឺមួយគ្រឿង ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2238 បើក​តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ​បញ្ច្រាសទិសដៅចរាចរណ៍ គោលបំណងបត់ចូលរោងចក្រកាត់ដេរ ស្រាប់តែមានរថយន្តឡិចស៊ីស470 បើកមកកាក់ពីមុខ ធ្វើឱ្យអ្នកបើករថយន្តកុងទ័រនឺភ័យពេក ក៏រត់ចូលក្នុងរោងចក្របាត់ ។

ចំនែកឯម្ចាស់រថយន្តឡិចស៊ីសវិញ ​បានរត់ដេញតាមចូលដល់ក្នុងរោងចក្រ ធ្វើឱ្យប្រធានសន្តិសុខ ​បម្រុងបិទទ្វារ ក៏ត្រូវលោកឧត្តមសេនីយ៍ត្រីផ្កាយមាស១ ​វ៉ៃសន្តិសុខមួយដៃ ចំមុខធ្វើឱ្យប្រធានសន្តិសុខ ​ខឹងឃាត់រថយន្តលោកឧត្តមសេនីយ៍ ក៏ត្រូវលោក ផ្កាយមួយយក​បំពង់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់ចំភ្នែកប្រធានសន្តិសុខម្នាក់ បែកភ្នែកលែងរួច ហើយលោកផ្កាយមួយបានបើករថយន្តរត់គេចចុះឡើង ​ទៅដល់មុខអធិការដ្ឋានគរបាលព្រែកព្នៅ ត្រូវសមត្ថកិច្ចឃាត់បានទាំងអ្នកបង្កប្រគល់ទៅឱ្យ ខាងន៉ុស្តិ៍នគរបាលគីឡូ​ម៉ែត្រលេខ៦ ដើម្បីដោះស្រាយ ។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា មុនពេលកើតហេតុ គាត់បើករថយន្តមកដល់ចំណុច​ខាងលើ ស្រាប់តែឃើញរថយន្តកុងតឺន័របើកបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន ហើយបត់ចូលក្នុងរោងចក្រ ដោយមិនមានអ្នកស៊ីញ៉ូរថយន្តទេ ទើបគាត់ឈប់រថយន្តដើម្បី ចុះទៅណែនាំ អ្នកបើកបររថយន្តកុងតឺន័រ កុំឱ្យបើកបរបញ្រ្ចាសអ៊ីចឹងទៀត បែរជាត្រូវសន្តិសុខ យាមរោងចក្រឃាត់មិនឱ្យចូល ទៅក្នុងរោងចក្រទេ និងបានសួរនាំគាត់ រួចគាត់បម្រុងបើករថយន្តចេញទៅវិញ ក៏ត្រូវប្រធានសន្តិសុខឃាត់រថយន្តគាត់ និងបានប្រតាយប្រតប់គ្នា ​ហើយគាត់បានបើកប្រាប់ឱ្យចេញពីរថយន្តរបស់គាត់ តែប្រធានសន្តិសុខមិនព្រមចេញ ទើបគាត់យកបំពង់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់តែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះហូរទឹកភ្នែកខ្លាំងពេក ទោះបីជាកម្មករទិញទឹកបរិសុទ្ធ យកមកលាងភ្នែកឱ្យ ក៏នៅតែមិនបាត់ទៀត ក៏បានបញ្ជូនទៅមន្ទីរពេទ្យសម្តេចឪ រួចបញ្ជូន​បន្តទៅមន្ទីរពេទ្យអង្គឌួង ។
ក្រោយពេលកើតហេតុ ជនបង្ក និងរថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បណ្តោះអាសន្ននៅប៉ុស្តិ៍ គីឡូម៉ែត្រលេខ៦ រង់ចាំថ្ងៃស្អែកចាំដោះស្រាយគ្នាទៀត ៕