ខេត្ដរតនគីរី៖ ក្មេងស្ទាវម្នាក់ទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច រើសដុំឥដ្ឋគប់គូទំនាស់ បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូក​ ហើយ​ជនបង្កក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅមុខសាលាបឋមសិក្សាបកែវ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្ដរតនគីរី ។

មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំឡាមិញ បានឲ្យដឹងថា ជនសង័្សយដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ឡេង រតនៈ ហៅមូវ ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលេី។ រីឯជនរង​គ្រោះ ឈ្មោះ ហម សុផាត ហៅ អាចែត ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំ កេីតហេតុខាងលេី រងរបួសបែកក្បាល សន្លប់ស្ដូកស្ដឹង។

មន្ត្រីនគរបាលដដែល បានឲ្យដឹងថា​ មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កបានទាស់ពាក្យសម្ដីគ្នាពីរឿងបន្តិចបន្តួច លុះពេលពួកគេជជែកគ្នាចុះឡើង ធ្វើឲ្យជនបង្កផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង រើសដុំឥដ្ឋចោលទៅលើជនរងគ្រោះ បណ្ដាលឲ្យ​ដុំឥដ្ឋនោះហោះទៅត្រូវចំក្បាល រងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង។

ក្រោយពលកើតហេតុ សាច់ញាតិបានដឹកជនរងគ្រោះបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។ ចំណែកជនបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕