ខេត្តកំពង់ស្ពឺ៖ ក្មេងពាលមួយក្រុម​ប្រដាប់ដោយដាវ បាននាំគ្នាទៅបង្កការអុកឡុក នៅក្នុងសាលារៀន ក៏ត្រូវកម្លាំងនគរ​បាល​ព្រហ្មទណ្ឌស្រុក ចុះទៅឃាត់ខ្លួនបានចំនួន៣នាក់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅក្នុងអនុវិទ្យាល័យអង្គមេត្រី ស្ថិតក្នុងស្រុកសំរោងទង ។

មន្ត្រីនគរបាលស្រុកសំរោងទង បានឲ្យដឹងថា​ ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ សាន្ត មករា ភេទប្រុស​ អាយុ​ ១៩ឆ្នាំ ទី២-ឈ្មោះ ម៉ក់ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ និងទី៣-ឈ្មោះ ជឿន ណាំឈៀវ អាយុ២០ឆ្នាំ។ ពួកគេទាំងបីនាក់រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថ​កិច្ច​ក៏ដកហូតបាននូវវត្ថុតាងមួយចំនួន រួមមាន ដាវកែច្នៃចំនួ៣ដើម និងម៉ូតូចំនួន២គ្រឿង គឺមួយគ្រឿងម៉ាកហុងដា​ឌ្រីម​សេ១២៥ និងមួយគ្រឿងទៀត ម៉ាកស៊ុយហ្ស៊ុយគីនិច។ ចំណែកបក្ខពួករបស់ពួកគេផ្សេងទៀតបាននាំគ្នារត់គេចខ្លួនបាត់អស់។

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលឃាត់ខ្លួន ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក៏ដូចជា លោកគ្រូ និងអ្នកគ្រូ​បានរាយការណ៍មកសមត្ថកិច្ចថា មានក្មេងទំនើងមួយក្រុម កំពុងនាំគ្នាទៅបង្កនូវការអុកឡុក នៅក្នុងអនុវិទ្យាល័យអង្គមេត្រី។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះភ្លាម សមត្ថកិច្ចក៏បានចុះទៅកាន់ទីនោះ ដោយឃាត់ខ្លួនបានក្មេងទំនើងចំនួន៣​នាក់ និងបក្ខពួករបស់ពួកគេផ្សេងទៀត បានរត់គេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំក្មេងទំនើងទាំងនេះ ទៅកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីសាកសួរ​ និងចាត់ការបន្តតាមនីតិវិធី ហើយបន្តតាមចាប់ខ្លួនបក្ខពួករបស់ពួកគេបន្ថែមទៀត៕