ភ្នំពេញ៖ ជនជាតិស្បែកខ្មៅ ទៅរកសេវាផ្លូវភេទ ប៉ះចំ​ភេទទី៣ ខ្វេះយកកាបូលុយអស់ ២៧៥ដុល្លារ បង្ក​ឱ្យមានការភ្ញាក់ផ្អើល ឃាត់បានភេទទី៣ ម្នាក់យកទៅសួរនាំ ដែលហេតុការណ៍នេះ កើត​ឡើង​កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ វេងស្រេង ត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឍនៈ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ។

ជនរងគ្រោះ ជាជនជាតិស្បែកខ្មៅ​ មានឈ្មោះ IGBOELI ODiRA​ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅ​ចំការដូងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកជនសង្ស័យ ជា​ភេទទី៣ ម្នាក់ ឈ្មោះអនយឿន អាយុ ២៧ឆ្នាំ ​ស្នាក់នៅផ្ទះជួលតំបន់បុរីវ៉ារីណា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ។

តាមប្រភពព័ត័មាន បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមភេទទី៣ មានគ្នាបួននាក់ ជាអ្នករកស៊ីផ្លូវភេទ បានឈប់នៅចំណុចសួនឧស្សាហកម្មវឌ្ឍនៈ បន្ទាប់មកស្រាប់ តែ​មានបុរសជាជនជាតិស្បែកខ្មៅម្នាក់ បានជិះម៉ូតូមួយគ្រឿង មករកសេវាផ្លូវភេទ ដោយបាននិយាយចរចាជាមួយក្រុមភេទទី៣ ដែលតែងខ្លួនដូចមនុស្សស្រី (អត់ដឹងថាភេទទី៣ ទេ) ហើយក្រុមភេទទី៣នោះចេះ និយាយភាសាអង់គ្លេសតិចតួចខ្លះដែរ ក៏បានស្ទុះទៅ​ចោមរោមជនជាតិស្បែកខ្មៅ បានមួយសន្ទុះ ស្រាប់តែជនជាតិស្បែកខ្មៅស្ទាបរកកាបូបបាត់កាបូបលុយ ទើបធ្វើឲ្យមានការឆោឡោ ។

ភ្លាមៗនោះ​ក្រុមភេទទី៣ បាននាំគ្នារត់គេចខ្លួនអស់ ​នៅសល់តែភេទទី ៣ម្នាក់នៅកន្លែងកើតហេតុ រួមជាមួយជនរងគ្រោះ ត្រូវបានចាប់ប្រគល់ឱ្យសមត្ថកិច្ច យកទៅសួរនាំ ។
យោងតាមពីជនរងគ្រោះបានឱ្យដឹងថា សម្ភារៈនៅក្នុងកាបូប ដែលបាត់បង់រួមមានលុយ ២៧៥ដុល្លារ កាតអេធីអឹមមួយ និងលុយខ្មែរមួយចំនួនដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនភេទទី៣ យកទៅ​សួរនៅប៉ុស្តិ៍នគរ​បាលស្ទឹងមាន ។ ចំណែកឯកាបូបលុយរបស់ជនរងគ្រោះ ​ត្រូវបានសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុ​ បានប្រទះឃើញយកមកប្រគល់ឱ្យសមត្ថកិច្ច​ស្ទឹងមានជ័យវិញ តែបាត់លុយអស់ហើយ ។ ​ជនរងគ្រោះ​ មិនបានដាក់ពាក្យបណ្តឹងភ្លាមៗទេ ព្រោះរង់ចាំព្រឹកឡើង បានទៅដាក់ពាក្យបណ្តឹង ៕