ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលទៅប្លន់នារីរងគ្រោះ តែមិនសម្រេច ក៏អស់លក្ខណ៍ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនឲ្យ​កម្លាំងនគរបាល​ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលវេលាពីម៉ោង​៤​ និង​៣០នាទីរសៀល ​ថ្ងៃទី៤ ខេតុលា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនោះ ឈ្មោះ ដាង ឈុនណារ៉ាត់ ភេទប្រុស ​អាយុ២០ឆ្នាំ មុខរបរធើ្វការសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិថ្លក់ជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។​ រីឯ​ជនរងគ្រោះ ឈ្មោះ ហាក់ គឹមភី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបាក់ស្រី ​ឃុំកូល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។​

ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ នាងនៅក្នុងបន្ទប់ជាន់ទី៤ តែម្នាក់ឯង ស្របពេលនោះនាងឃើញជនសង្ស័យដើរគ្រវែលចុះឡើង និងពួននៅក្បែរមាត់ទ្វារ​។ ឃើញបែបនេះ នាងក៏បានដើរទៅបិទទ្វារ ​ស្រាប់តែជនសង្ស័យចូលមក​ចាប់នាងជិះពីលើ ហើយចងដៃនាងជាប់ ដោយយកខ្យែចងស្បែកជើងមកចងដៃ​នាង​ទៅមុខ ធ្វើឲ្យ​នាងភ័យក៏ស្រែកហៅអ្នកជិតខាងឲ្យជួយ។ នៅពេលនោះ ជនសង្ស័យបានយកកាំបិតចំពុះទង់ មកភ្ជង់កនាង ដោយស្រែកគំរាមថា នៅឲ្យស្ងៀម! កុំស្រែក! ប្រយ័ត្ន អញ​អារក​សម្លាប់ចោល​។

ជនរងគ្រោះ បានបន្តថា ស្ថិតក្នុងសភាពប្រកបដោយគ្រោះថ្នាក់បែបនេះ នាងក៏សួរទៅជនសង័្សយថា តើឯងចង់បានអី? ជនសង្ស័យឆ្លើយថា ចង់បានអីតិចតួចទេ! ប៉ុន្តែជនសង័្សយនិយាយមិនទាន់​ចប់ ស្រាប់តែប្អូនជីដូនមួយរបស់នាងឡើងមកទាន់ ធ្វើឲ្យជនសង្ស័យភ័យរត់ចុះមកដីភ្លាមៗ។

ប្រភពព័ត៌មានពីនារីម្នាក់ ឈ្មោះ អ៊ឹម គន្ធា អាយុ២៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ត្រូវជាបប្អូនជីដូនមួយ ស្នាក់នៅបន្ទប់ជួលជាន់ក្រោម ក្នុងភូមិកើតហេតុខាងលើ បានឲ្យដឹងថា កាលពីវេលាខាងលើ នាងបានឮសំឡេងបងស្រីជីដូនមួយរបស់នាងស្រែកថា ជួយ​ផង !ចោរ​ចាប់ខ្ញុំ ហើយក៏បាត់ស្ងាត់ទៅវិញ។​ ដោយមានការសង័្សយ នាងក៏បានឡើងទៅមើល ក៏​ដឹងថា ចោរ​នៅក្នុងបន្ទប់បងស្រី ហើយនាងបានចុះទៅហៅអ្នកជិតខាងឲ្យមកជួយ ស្រាប់តែឃើញជនសង្ស័យដើរចុះ​មកដី​ថែម​ទាំង​និយាយថា មាន​អ្នក​ខ្យល់គរនៅខាងលើ ហើយពេលនាងឡើងមកដល់បន្ទប់បង ឃើញជនរងគ្រោះជាប់ចំណង​ចង​មកខាងមុខ។ ចំណែកជនសង្ស័យវិញបានចុះទៅដី ហើយរត់រត់គេចខ្លួន ទើបប្រជាពលរដ្ឋនាំគ្នាពព័ទ្ធចាប់ខ្លួនប្រគល់ឲ្យ​នគរបាល​។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីឃាត់ខ្លួនបានភ្លាម ជនសង័្សយបានសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានឡើងទៅប្លន់នារីរងគ្រោះប្រាកដមែន ប៉ុន្ទែយកទ្រព្យរបស់មិនទាន់បានផង ក៏ដឹងថាបែកការដល់អ្នកដទៃ ទើបរូបគេចុះមកវិញ។ ការធ្វើបែបនេះ ក៏ដោយសារតែរូបគេគ្មានលុយទិញថ្នាំញៀនជក់។​

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវកម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន ជ័យដើម្បីចាត់ការតាមនីតិវិធី៕