ខេត្តព្រះ​វិហារៈ បុគ្គលិកធនាគា​ហត្ថា​កសិករ២នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារបើករថយន្តបុក​​ដើម​អាកាស្យា កាលពី​ល្ងាច ​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅតាម​ផ្លូវជាតិ​លេខ៦២ ត្រង់ចំណុច​កូនភ្នំ ស្ថិត​ក្នុងភូមិ​ភារកិច្ច សង្កាត់​ប៉ា​ល​ហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ។

មន្ត្រីនគរបាលចរាចរក្រុងព្រះវិហារ បានឲ្យដឹងថា រថយន្ត​បង្ក​ ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ អាមេរិក L79_648 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៦២ បោះពួយយ៉ាងលឿន ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។ លុះ​ពេលបើកមកដល់​ចំណុចកើតហេតុ ដោយសាររថយន្ត​នោះមានល្បឿនលឿនពេក ធ្វើឲ្យអ្នកបើកបរបួង​ចង្កូត​បត់មិនទាន់ ក៏ធ្លាក់​ពីលើ​ថ្នល់ ​​ជ្រុល​ទៅ​បុក​ដើម​អាកាស្យា បណ្តាល​ឲ្យ​រថយន្ត​ខូចខាតមួយ​កំណាត់​មុខ និងអ្នកបើកបរ​រថយន្តរងរបួសធ្ងន់ ហើយ​អ្នករួមដំណើរ​ម្នាក់​រងរបួស​ស្រាល។

មន្រ្ដីនគរបាលដដែល បានបន្តទៀតថា ជនរងគ្រោះ នៅក្នុងហេតុការណ៍ខាងលើនេះ ​ទី១-ឈ្មោះ ស្រី ហុក​សេង ភេទ​ប្រុស អាយុ២៧ឆ្នាំ (អ្នកបើកបររងរបួស​ធ្ងន់) រស់នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​កំពង់ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ និងទី២-ឈ្មោះ ដាំ ឧ​ត្ត​ម ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅ​ខេត្តកណ្តាល រងរបួសស្រាល។ ពួកគេទាំងពីរ ជា​បុគ្គលិក​ធនាគារ​ហត្ថាកសិករ​ប្រចាំ​សាខា​ខេត្តព្រះវិហារ។

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​បានចុះទៅពិនិត្យ និង​បញ្ជូន​ជនរងគ្រោះ​ទាំងពីរ​ទៅ​សង្គ្រោះបន្ទាន់​ នៅ​ក្នុងមន្ទីរពេទ្យបង្អែក​១៦មករា ខេត្តព្រះវិហារ។ ដោយសារករណីនេះ មិនបានបង្កឲ្យរងគ្រោះថ្នាក់ដល់អ្នកដទៃ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ទើបសមត្ថកិច្ចអនុញ្ញាតិឲ្យម្ចាស់ទាក់ទងហៅរថយន្តស្ទូច មកស្ទូចរថយន្តបង្កយកទៅជួសជុលដោយខ្លួនឯង៕