ភ្នំពេញ៖ បុរសជាអ្នកចិញ្ចឹមត្រីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ហើយបត់ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យដួលត្រូវរថយន្តដឹកឥដ្ឋមកដល់ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលកិនបែកក្បាល ហើយរថយន្តបង្កព្យាយាមបើករត់គេច ទៅបាត់ដោយសុវត្ថិភាព ​កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

សពជនរងគ្រោះមានឈ្មោះ សែម សៀម ហៅម៉ៃ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរចិញ្ចឹមត្រី ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-0674 ​។ ចំណែករថយន្តគ្រាន់តែដឹងថា ម៉ាកហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋ មិនចាំស្លាកលេខ ក្រោយកើតហេតុបើករត់គេចទៅបាត់ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ចេញពីផ្លូវលំ ក្នុងភូមិឡកំបោរ ឡើងផ្លូវជាតិលេខ៥ បម្រុងជិះបត់ឆ្ពោះទៅជើង បណ្តាលឱ្យដួល​​ខ្លួនឯង ស្របពេលដែលរថយន្តដឹកឥដ្ឋ បើកពីជើងទៅត្បូង មកដល់ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកកិនបណ្តាលឱ្យ បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តបើករត់ទៅបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យស្លាកស្នាម រួចប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក និងបន្តស្រាវជ្រាវ រករថយន្តបង្ក ៕​