ភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុនសាងសង់ស្ពាន និងផ្លូវព្រែកព្នៅ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦នោះ​មក ក្រុមហ៊ុនបានតម្រូវឲ្យអ្នកធ្វើដំណើរឆ្លងកាត់ ត្រូវបង់លុយទៅឲ្យក្រុមហ៊ុន ប៉ុន្តែចាប់ពីថ្ងៃទី១៥ ខែតុលាខាងមុខនេះទៅ ប្រជាពលរដ្ឋនឹងលែងបង់លុយដូចពេលមុនៗទៀតហើយ។

បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុក​របស់Samdech Hun Sen, Cambodian Prime Minister បានឲ្យដឹងថា​​ ដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជន ជាពិសេសសម្រាបជួយសម្រួល ដល់ការធ្វើដំណើរទៅមក របស់ប្រជាពលរដ្ឋនោះ គឺចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៧ ​ នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) នឹងត្រូវធ្វើដំណើរដោយ មិនបាច់បង់ថ្លៃឆ្លង កាត់បន្តទៀត។ រាជរដ្ឋាភិបាលនឹងទិញយកផ្លូវ និងស្ពាននោះ មកគ្រប់គ្រងវិញ។ រីឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថាប្រជាពលរដ្ឋយើង នឹងទទួលបានផលប្រយោជន៍ ពីការសម្រេចនេះ។

ស្របគ្នានេះ ប្រជាពលរដ្ឋក៏បានសាទរ ចំពោះការសម្រេចចិត្ត ដ៏ត្រឹមត្រូវនេះ ពីព្រោះវាអាចកាត់បន្ថយ នូវការចំណាយថវិកា ​របស់ពួកគាត់ បានមួយចំណែកយ៉ាងធំ ក្នុងការឆ្លងទៅមក និងដឹកផលិតផល ផ្សេងៗទៅកាន់ទីផ្សារ៕