ភ្នំពេញៈ យុវជនមួយក្រុមទើបនឹងចេញពីផឹកស្រវឹង បានបើករថយន្តដឹកគ្នាបោះពួយយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុក​បង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យរថយន្តស្រុញក្បាល កាលពីវេលា​ម៉ោង១ និង៤០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅ​មុខ​វិទ្យាស្ថាន​ជាតិ ផ្លូវ​លេខ៩៦ កែង​នឹងមហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជ​ធានី​ភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងទំនើងមួយក្រុមទើបនឹងចេញពីផឹកស៊ី បានបើករថយន្ត​កាមរី​បា​ឡែ​នមួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-3120 បោះពួយយ៉ាង​លឿន​​ តាម​បណ្ដោយមហាវិថី​ព្រះមុនីវង្ស រួច​បត់​មកតាមផ្លូវលេខ៩៦ ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ និង​បង្គោល​ភ្លើងស្តុប​ បាក់​រាប​ដល់​ដី។ ភ្លាមៗនោះ ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​ជាមួយមានគ្នា​៣នាក់ បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់អស់ ដោយបន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ។

ក្រោយពេល​កើតហេតុ ​សមត្ថកិច្ច​បានចុះទៅពិនិត្យ និង​ស្ទូច​យករថយន្តបង្កទៅ​រក្សាទុក ​នៅ​ក្នុងការិយាល័យនគរបាល​ចរាច​ណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ទុកឲ្យ​ម្ចាស់​រថយន្ត ​ចូលខ្លួនមក​ដោះស្រាយ​តាមច្បាប់៕