ខេត្តកំពង់ឆ្នាំង ៖ ករណីស្ត្រីម្នាក់ ត្រូវបានឃាតកសម្លាប់ ច្រកក្នុងការ៉ុងយកទៅបោះចោល ក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច កាលពីពេលថ្មីៗកន្លងមកនេះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ដោយប្តីរបស់នាងគឺជាមន្ត្រីនគរបាលម្នាក់ បំរើការងារនៅក្នុងទីក្រុងភ្នំពេញ ហើយបានលែងលះជាមួយស្ត្រីរងគ្រោះ តែមិនទាន់ដាច់ស្រេចនៅឡើយ ។

កាលពីព្រឹកថ្ងៃទី៧ កញ្ញានេះ ប្តីរបស់ស្ត្រីរងគ្រោះ និងសាច់ញាតិបានសុំគាស់សព ដែលបានបញ្ចុះនៅក្នុងវត្តចាស់ ក្បែរកន្លែងកើតហេតុ ដើម្បីយកទៅបូជាយកធាតុ ទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងលំនៅឋាន ទីក្រុងភ្នំពេញវិញ ។

បើតាមការឲ្យដឹង ពីសមត្ថកិច្ចកំពង់ត្រឡាច បានឲ្យដឹងថា សពរបស់ស្ត្រីរងគ្រោះ មានឈ្មោះ ទិត លីនដា អាយុ៤៣ឆ្នាំ មានកូន៣នាក់ ដោយកូនបងគេមានអាយុ១៧ឆ្នាំ កូនពៅមានអាយុ៧ឆ្នាំ រស់នៅក្នុងភូមិទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានប្តីជាមន្ត្រីនគរបាលអង្គរក្ស ក្នុងក្រុងភ្នំពេញផងដែរ ហើយអ្នកទាំង២ បានដាក់ពាក្យបណ្តឹងលែងលះគ្នា តែមិនទាន់ដាច់ស្រេច ហើយស្ត្រីរងគ្រោះ ក៏បានចេញពីផ្ទះ ទៅធ្វើជាកម្មការនីនៅរោងចក្រ ជាមួយក្មួយហើយបានជួលផ្ទះគេនៅ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ហើយស្ត្រីរងគ្រោះ មិនដែលបានទាក់ទងទៅប្តីរបស់នាងឡើយ ដោយគ្រាន់តែទូរស័ព្ទទៅប្រាប់កូនតែប៉ុណ្ណោះ ។

តាមប្រភពបានឲ្យដឹងថា នៅថ្ងៃទី២ កញ្ញា ២០១៧ មុនថ្ងៃបាត់ខ្លួន ស្ត្រីរងគ្រោះបានខ្ចីម៉ូតូម៉ាកគុប របស់ក្មួយមកជិះ ហើយបានខ្ចីប្រាក់របស់អ្នកជិតខាង ២ម៉ឺនរៀលថាយកទៅទិញសាច់គោ នៅស្រុកកំពង់ត្រឡាច ហើយចាប់ពីពេលនោះមក ស្ត្រីរងគ្រោះក៏បាត់ខ្លួនរហូត ហើយនៅព្រឹកថ្ងៃទី៧ កញ្ញា ២០១៧ ប្តីស្រ្តីរងគ្រោះ និងក្រុមគ្រួសារ មានការសង្ស័យ ក៏បានកាន់រូបថតនាងមកបង្ហាញសមត្ថកិច្ច។ ពេលដឹងភិនភាគស្ត្រីរងគ្រោះច្បាស់ហើយ ក៏បានសុំគាស់យក សពដែលសមត្ថកិច្ចបានបញ្ចុះទុក នៅក្នុងវត្តចាស់ ជិតចំណុចកើតហេតុ បូជាយកធាតុទៅធ្វើបុណ្យ នៅក្នុងលំនៅដ្ឋានវិញ

សមត្ថកិច្ចបានធ្វើការសន្និដ្ឋាន ជាជំហានដំបូងថា ជនរងគ្រោះអាចត្រូវគេសម្លាប់ ប្លន់យកម៉ូតូគុបដែលខ្ចីពីក្មួយ ជិះទៅទិញសាច់គោ ដែលពេលនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ យ៉ាងសកម្ម ដើម្បីបំបែកសំណុំរឿងឃាតកម្មនេះ ។

រំលឹករឿងរ៉ាវឡើងវិញ៖ កាលពីព្រឹក ថ្ងៃទី០៣ ខែកញ្ញា មានប្រជាពលរដ្ឋប្រទះឃើញ ការ៉ុងច្រកសពស្ត្រីម្នាក់ ត្រូវបានគេទុកចោល នៅមាត់ប្រឡាយទឹកមួយកន្លែង នៅក្នុងភូមិព្រៃពីស ដោយនឹកស្មានថា ជាការ៉ុងស្មៅទុកចោល ហើយអ្នកឃើញ មិនបានចាប់អារម្មណ៍នោះឡើយ។ រហូតដល់ម៉ោង ៣និង៣០នាទីល្ងាច ពេលត្រឡប់មកវិញ លោកយាយម្នាក់ បានយកកណ្តៀវ កាត់កន្ទុយការ៉ុងបន្តិចមើល ក៏ប្រទះឃើញជើងមនុស្ស ទើបមានការភ្ញាក់ផ្អើលឆោឡោឡើង ដឹងដល់សមត្ថកិច្ច ហើយបន្ទាប់ពីសមត្ថកិច្ច ក៏ចាក់ការ៉ុងមើល ទើបដឹងថា ជាសពស្រ្តីរងគ្រោះ ដោយលើមុខ និងលើខ្លួន ត្រូវគេកាប់ជាច្រើនកាំបិត ៕