ខេត្ត​បន្ទាយមានជ័យ៖ បន្ទាប់ពីកើតមានករណីផ្ទុះរថយន្តឆេះ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់យ៉ាងអណោចអធ័ម និង២នាក់ទៀតរងរបួស កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកល្ពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គល​បុរី នោះមក ទើ់បនៅព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននិមន្តព្រះសង្ឃចំនួន៧អង្គ មក​​សូត្រមន្ត បណ្តេញនូវឧបទ្រុបទាំងឡាយចេញពីដងផ្លូវ និងឧទ្ទិសមគ្គផលដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំង៣នាក់ រួមមានអ្នកបើកបររថយន្តម្នាក់ និងព្រូឡាន២នាក់ឲ្យទៅកាន់នូវសុគតិភព។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា​ បន្ទាប់ពីកើតមានករណី​ផ្ទុះ​រថយន្តឆេះស្លាបមនុស្សនោះមក ប្រជាពលរដ្ឋរស់នៅត្រង់ចំណុចខាងលើ ក៏បានសំណូមពរដល់រូបលោក ឲ្យនិមន្តព្រះ​សង្ឃមកសូត្រមន្ត បណ្ដេញនូវឧបទ្រពទាំងឡាយទាំងពួង នៅតាមដងផ្លូវជាតិលេខ៥ ជាពិសេសនៅត្រង់ចំណុចខាងលើ ដើម្បីសុំ​សេចក្ដីសុខចម្រើនដល់អ្នកដំណើរទូទៅ។

លោកស្នងការនគរបាល បានបន្តថា បន្ទាប់ពីមានសំណូមពររបស់ប្រជាពលរដ្ឋនោះមក លោកក៏ដូចជាអាជ្ញាធរ បាននិមន្ត​ព្រះសង្ឃចំនួន៧អង្គសូត្រមន្តបណេ្ដញម្រឹត្យូវចេញពីដងផ្លូវ។ នៅក្នុងឱកាសនោះដែរ លោកក៏បានបញ្ជាឲ្យសមត្ថកិច្ចបើករថយន្ត​ពន្លត់អគ្គិភ័យដឹកទឹកមកបាញ់លាងសម្អាតផ្លូវ ដោយមានការចូលរួមពីកងកម្លាំងនគរបាលខេត្ត និងនគរបាលស្រុកមង្គលបុរី ព្រមទាំងប្រជាពលរដ្ឋផងដែរ។

ឆ្លៀតនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បាននាំយកស័ង្កសីចំនួន២២០សន្លឹក ទៅប្រគល់ជូនប្រជាពលរដ្ឋប្រមាណ២០គ្រួសារ ដែលការខូចខាតដំបូលផ្ទះ ជញ្ជាំង បង្អូច ដោយសារកម្លាំងខ្យល់ផាវផ្ទុះមកប៉ះធ្វើឲ្យធ្ងន់ និង មធ្យម។រីឯស័ង្កសីទាំង២២០សន្លឹកនេះ គឺជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ហេតុបង្កឲ្យមានការផ្ទុះផាវនេះ ទី១-មកពីការរៀបចំដឹកជញ្ជូនមានការឆ្វេសប្រ​ហែស ទី២-រថយន្តចាស់ ទី៣-ការផ្ទុកម៉ូតូសង្កត់ពីលើផាវនោះ និងទី៤-ជិតចិនសែនក្បាលទឹកឬក៏គេយកទៅបោកបង្អើលចាប កុំឲ្យស៊ីស្រូវប្រាំង។

ទោះយ៉ាងណា លោកស្នងការក៏បានបញ្ជាក់ថា នេះចាត់ទុកថាសំណាងហើយដែលការផ្ទុះនេះ នៅឆ្ងាយពីទីប្រជុំជន។ ប្រសិនបើផ្ទុះនៅកន្លែងរៀបចំអីវ៉ាន់ ឬកន្លែងបេនឡាន ដែលជាទីប្រជុំជនវិញនោះ មិនដឹងថាមានមហន្តរាយ និងបង្កឲ្យមនុស្សស្លាប់ប៉ុន្មាននាក់នោះទេ។ នេះគ្រាន់តែស្លាប់អ្នកបើកបរម្នាក់ និងព្រូឡាន២នាក់ ព្រមទាំងខូចខាងផ្ទះសំបែងប្រជាពលរដ្ឋទាំងធ្ងន់ មធ្យម និងស្រាល សរុប៤១ខ្នង៕