ភ្នំពេញ៖ ស្រ្តីជនសង្ស័យម្នាក់ បន្ទាប់ពីប៉ុនប៉ងលួចខោអាវ នៅតូបអ្នកលក់ក្នុងផ្សារឯករាជ្យ១ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មិនបានសម្រេច ពលរដ្ឋចាប់បាន នាំទៅដាក់នៅទីស្នាក់ការផ្សារ រួចប្រគល់ឲ្យប៉ូលីស កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ។

ស្រ្តីសង្ស័យ គេចោទប្រកាន់ មានឈ្មោះ នីរ័ត្ន ហៅស្រីពៅ អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅដើរដេកតាមផ្លូវរកប្រាកដមិនឃើញ មានស្រុកកំណើត ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ចំណែកស្រ្តីម្ចាស់តូបលក់ខោអាវ មានឈ្មោះ ផៃ សុខលីន អាយុ២៧ឆ្នាំ មុខរបរលក់ខោអាវក្នុងផ្សារឯករាជ្យ១ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិកោះប៉ែន ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម តែមិនបានបាត់បង់ខោអាវអ្វីឡើយ ។

តាមសម្តីស្រ្តីម្ចាស់ តូបខាងលើបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យដើរចូលមកតូបរបស់ខ្លួនសួររកទិញខោអាវ រើសចង្អុល មើលនេះមើលនោះ រកប្រាកដមិនឃើញ រវល់រតែរកមើលខោអាវ តាមការបង្គាប់សុំមើល បែរជាជនសង្ស័យ បន្លំយកខោអាវច្រកថង់ តែក្រឡេកឃើញទាន់ ចាប់យកវិញ ស្រែកផ្អើលប្រជាពលរដ្ឋក្បែរខាង ចាប់ឃាត់ខ្លួន នាំចូលទីស្នាក់ការផ្សារ រួចប្រគល់ឲ្យប៉ូលីស ។

ស្រ្តីសង្ស័យ ក្រោយពីអាជីវករ ផ្សារចោទប្រកាន់ ប៉ុនប៉ងលួចខោអាវ មិនបានសម្រេច ត្រូវបាននគរបាលនាំខ្លួន ទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីបន្តនីតិវិធី ៕

សហការី KBN