ភ្នំពេញ ៖ រថយន្តបែនដឹកដី បើកបត់ឆ្លងផ្លូវទៅបុកម៉ូតូសេ១២៥ បណ្ដាលឱ្យបុរសម្នាក់រងរបួសបោកក្បាលធ្ងន់ធ្ងរ សន្លប់ឈឹងនៅកន្លែង ហើយត្រូវបានរថយន្តគ្លីនិករស្មី ដឹកយកទៅសង្រ្គោះតែបានដាច់ខ្យល់ស្លាប់ ហើយដោយសារមិនទាន់អស់ចិត្ត ក៏ដឹកបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ រួចទើបដឹកវិលត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីកុំឱ្យថា ជនរងគ្រោះស្លាប់ក្នុងគ្លូនិក ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី កែងផ្លូវចូល មូលដ្ឋានកងទ័ពការពារអាកាស ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កម៉ាក ហុីយ៉ាន់ ពណ៌ខៀវ បែនកង់៦ ពាក់ស្លាកលេខ ភ្នំពេញ 3B-1614 ដឹកដីពេញរថយន្ត អ្នកបើកបរមិនស្គាល់ឈ្មោះ ។ ចំណែក ភាគីម៉ូតូរងគ្រោះ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-0050 បើកបរដោយបុរសចំណាស់ម្នាក់ មិនស្គាល់ឈ្មោះ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ បែកក្បាលសន្លប់ឈឹង ហើយបានស្លាប់ពេលដែលរថយន្តគ្លីនិក រស្មីដឹកយកទៅសង្រ្គោះ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកពីលិចទៅកើត ឆ្លងផ្លូវចូលផ្លូវភូមិព្រៃទា តែជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិក រស្មី ហៅ ខឹម រ៉ានី មកដឹកបញ្ជូនទៅសង្រ្គោះ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ ទើបខាងគ្លីនិក ដឹកតាមរថន្ត មិនហ៊ានទុកនៅក្នុងគ្លីនិក ប្រើស្នៀត ដឹកសាកសពទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីកុំឱ្យគេថា ជនរងគ្រោះស្លាប់ក្នុងគ្លីនិក រួចទើបដឹកសាកសពវិលមកកន្លែងកើតហេតុវិញ ដើម្បីឱ្យសមត្ថកិច្ចពិនិត្យស្លាកស្នាម និងស្រាវជ្រាវរកសាច់ញាតិ ។

តាមនគរបាល ហាក់បីដូចជាលាក់លៀម រឿងជនរងគ្រោះស្លាប់នៅគ្លីនិក បែជាប្រាប់ថា ជនរងគ្រោះរងរបួសធ្ងន់ពេក ទើបខាងគ្លីនិករស្មីដឹកតាមរថយន្តទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយបានស្លាប់ ដូចជាបង្វែរស្ថានការណ៍ ការស្លាប់របស់ជនរងគ្រោះទៅវិញ ។

ចំណែកឯរថយន្ត និងម៉ូតូរួមទាំងអ្នលបើកបររថយន្តផង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ សហការី KBN