ខេត្តស្វាយរៀង៖ យោងតាមប្រភព ពីស្នងការខេត្តស្វាយរៀង បានរាយការណ៍មកថា សមត្ថកិច្ចបានចាប់ខ្លួន អ្នករត់តាក់ស៊ី បាន២នាក់ហើយ ក្នុងករណីឃាតកម្ម រំលោភសម្លាប់ និងប្លន់យក ទ្រព្យសម្បតិ្ដ ពីនារីវ័យក្មេងម្នាក់ ជាបុគ្គលិក កាស៊ីណូ «Good Luck» នៅក្រុងបាវិត។

លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ មានឈ្មោះ ឆើយ សុជាតិ អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផ្លៀក មុន្នី ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននៅក្នុងខេត្តស្វាយរៀង កាលពីវេលាម៉ោង៨ព្រឹកមិញ ហើយចំណែកឯជនល្មើសម្នាក់ទៀត ត្រូវសមត្ថកិច្ចតាមចាប់បាន នៅមុខសណ្ឋាគារឡឺប្រេស៊ីដង់ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យ។

ជនសង្ស័យទាំង២នាក់ ត្រូវបានស្គាល់ថា ជាអ្នកប្រកបមុខរបររត់តាក់ស៊ី រស់នៅភូមិព្រៃតាយ៉យ ឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយមុនពេលកើតហេតុ នារីរងគ្រោះបានជិះក្នុងរថយន្តតាក់ស៊ី ម៉ាក Highlander ឆ្ពោះទៅខេត្តស្វាយរៀង ហើយពេលទៅដល់ជីភូ ជនសង្ស័យម្នាក់ទៀត ដែលជាអ្នកបើកបរតាក់ស៊ីដូចគ្នា បានទុករថយន្តរបស់ខ្លួនចោល ហើយឡើងរថយន្តម៉ាក Highlander រួមគ្នាធ្វើសកម្មភាព រំលោភ រួចហើយសម្លាប់នារីរងគ្រោះ ប្លន់យកខ្សែ.កមួយខ្សែរ និងជញ្ជៀនពេជ្រ១វង់ ហើយគេចខ្លួនបាត់តែម្តង ។

លោកស្នងការខេត្តស្វាយរៀង បានឲ្យដឹងទៀតថា នារីរងគ្រោះដែលត្រូវគេរំលោភ និងសម្លាប់នោះ មានឈ្មោះ សុខ ម៉ាលីន អាយុ១៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូ Good Luck ដែលមានទីតាំងនៅក្នុងក្រុងបាវិត ដោយនាងមានទីលំនៅក្នុងខេត្តព្រះវិហារ ហើយត្រូវបានគេប្រទះឃើញសពនាង នៅកណ្តាលវាលស្រែ ក្នុងភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត ។ លោកស្នងការក៏បានបញ្ជាក់ផងដែរថា ស្ថានភាពគ្រួសាររបស់នារីរងគ្រោះ មានសភាពក្រលំបាកខ្លាំងណាស់ សូម្បីតែលុយដឹកសាកសព ទៅធ្វើបុណ្យនៅស្រុកកំណើត ឯខេត្តព្រះវិហារក៏គ្មានផង ប៉ុន្តែលោកបានឲ្យឡាន សង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាន នគរបាលខេត្តជួយដឹកសពរបស់នាង ទៅស្រុកកំណើតផងដែរ ៕