ប្រទេសចិន ៖ តួនាទីអ្នកត្រួតពិនិត្យគុណភាពទ្វារកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គមប្រទេសចិន ក្រោយពីយុវជនម្នាក់បង្ហាញការងាររបស់ខ្លួនដែលត្រូវធ្វើជារៀងរាល់ថ្ងៃ គឺការងារធាក់ទ្វារក្នុងរោងចក្រ និងទទួលបានប្រាក់ខែរហូតដល់៧០០ដុល្លារអាមេរិកក្នុង១ខែ ។ មហាជនសួរថា តើមានការងារបែបនេះដែរ មែនទេ គ្រាន់តែលោតធាក់ទ្វារសោះ ប៉ុន្តែទទួលបានប្រាក់ខែខ្ពស់ ។

យុវជននេះឈ្មោះ ចូវ អាយុ២៤ឆ្នាំ មានតួនាទីជាបុគ្គលិកត្រួតពិនិត្យគុណភាពទ្វារក្នុងរោងចក្រផលិតទ្វារមួយកន្លែងនៅខេត្ត Zhejiang ។ ជារៀងរាល់ថ្ងៃ លោក ចូវ បានដើរត្រួតពិនិត្យគុណភាពទ្វារក្នុងរោងចក្រ ដោយការលោតធាក់ទ្វារទាំងអស់ ព្រមទាំងរាយការណ៍ពីហេតុការណ៍ប្រចាំថ្ងៃដែលបណ្តាលឱ្យខូចខាតទ្វារផងដែរ ដូចជា ៖ ក្មេងធាក់ទ្វារ, ជម្លោះក្នុងគ្រួសារ និងបញ្ហាផ្សេងៗបណ្តាលឱ្យខូចខាតទ្វារ ដើម្បីសាកល្បងពីភាពធន់ និងសុវត្ថិភាពទ្វារ ។

ក្រោយពីធ្វើការងារធាក់ទ្វាររួចហើយ លោក ចូវ មានតួនាទីត្រួតពិនិត្យការខូចខាតទ្វារ ដូចជា ៖ របកថ្នាំពណ៌ និងផ្នែកផ្សេងៗរបស់ទ្វារថា វានៅមានសភាពល្អដូចដើមដែរឬទេ? បន្ទាប់មក លោកនឹងកត់ត្រាទិន្នន័យទាំងអស់បញ្ចូលក្នុងប្រព័ន្ធអនឡាញ ។

លោក ចូវ និយាយថា កាលពីមុន លោកធ្វើការជាអ្នករចនាម៉ូដនៅក្រុមហ៊ុនមួយ ប៉ុន្តែកន្លែងធ្វើការនៅឆ្ងាយពីផ្ទះពេក ទើបលោកសម្រេចចិត្តមកធ្វើការជាភ្នាក់ងារត្រួតពិនិត្យគុណភាពទ្វារក្នុងរោងចក្រនេះ ។ រីឯប្រាក់ខែរបស់លោក គឺស្មើប្រមាណ៧០០ដុល្លារអាមេរិកក្នុង១ខែ បូករួមទាំងប្រាក់សន្តិសុខសង្គម និងបាយថ្ងៃត្រង់ ហើយលោកឈប់សម្រាក២ថ្ងៃក្នុង១សប្តាហ៍ ។

ក្រោយពីការងាររបស់លោក ចូវ ល្បីល្បាញក្នុងបណ្តាញសង្គម វាធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ។ មនុស្សមួយចំនួននិយាយថា វាជាការងារល្អណាស់ ព្រោះបានហាត់ប្រាណ និងកាត់បន្ថយភាពតានតឹង ថែមទាំងទទួលបានប្រាក់ខែខ្ពស់ និងបាយថ្ងៃត្រង់មិនគិតថ្លៃ ។ ប៉ុន្តែមនុស្សខ្លះទៀតគិតថា ការលោតធាក់ទ្វារពេញមួយថ្ងៃបែបនេះអាចធ្វើឱ្យខូចកជើង និងមិនរួចថ្លៃព្យាបាលជំងឺនាថ្ងៃអនាគតទេ ៕