ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏រន្ធត់ ស្តែងៗនៅមុខមនុស្សជាច្រើន ដោយវាបានកើតឡើង នៅក្នុងវត្តមួយកន្លែង ដែលមានចិញ្ចឹមសត្វព្រៃជាច្រើនប្រភេទ ហើយក្នុងនោះក៏មាន សត្វខ្លាឃ្មុំព្រៃមួយក្បាលផងដែរ។

ហេតុការណ៍នេះ បានកើតឡើងក្នុងទីរួមខេត្ត កំផែងផេត ដោយបុរសជាជនរងគ្រោះ បានចូលទៅសុំជ្រូកព្រៃ១ក្បាល ពីចៅអធិការវត្ត ដើម្បីយកទៅចិញ្ចឹម នៅក្នុងផ្ទះរបស់ខ្លួន ។ តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែបុរសរូបនោះ បានទៅលេងសើច ចំអកដាក់សត្វខ្លាឃ្មុំមួយក្បាល ដែលនៅក្បែរនោះ ហើយស្រាប់តែរអិលជើងធ្លាក់ចូល ទៅក្នុងទ្រុងរបស់ខ្លាឃ្មុំនោះតែម្តង ដោយរបងខ្លាឃ្មុំនោះ មានកំពស់ប្រហែលជា១ម៉ែត្រ ។

ខណៈពេលដែលបុរសរងគ្រោះ ធ្លាក់ចូលក្នុងទ្រុងខ្លាឃ្មុំហើយ ប្រជាពលរដ្ឋដែលនៅក្បែរនោះ បានឃើញហេតុការណ៍ ព្រមទាំងអ្នកដែលចិញ្ចឹមវា ក៏បានទៅជួយស្រែកបំភ័យសត្វខ្លាឃ្មុំ ដើម្បីកុំឲ្យចូលទៅជិតបុរសរងគ្រោះ តែមិនបានការឡើយ ។ សត្វខ្លាឃ្មុំក៏បានដើរទៅកាន់បុរសនោះ ហើយបានខាំនិងអូសបុរសរងគ្រោះ ទៅឆ្ងាយពីមនុស្សដែលស្រែកដាក់វា ។

ប្រហែលជា១៥នាទីក្រោយមក ស្ត្រីដែលជាអ្នកជំនាញ និងជាអ្នកមើលថែខ្លាឃ្មុំ បានមកដល់កន្លែងកើតហេតុ ហើយបានចូលទៅដេញខ្លាឃ្មុំនោះ រហូតបានសម្រេចហើយបានយកបុរសរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ បើតាមរបាយការណ៍ពីប៉ូលិស បានឲ្យដឹងថា បុរសរងគ្រោះបានរងរបួសធ្ងន់ធ្ងរ រហូតបញ្ជូនចូលសង្គ្រោះក្នុងបន្ទប់ ICU ។

បើតាមព័ត៌មានបន្ថែម បានឲ្យដឹងថា នៅក្នុងវត្តនោះ មានចិញ្ចឹមសត្វព្រៃជាច្រើនប្រភេទ រហូតដល់៦០០ក្បាល រួមទាំងសត្វខ្លាឃ្មុំព្រៃនោះផងដែរ ។ ហើយថ្មីៗនេះមានគេឲ្យដំណឹងថា បុរសដែលរងគ្រោះនោះ បានដឹងខ្លួនហើយ តែទោះជាយ៉ាងណា ក្រុមអ្នកលេងបណ្តាញសង្គម បាននាំគ្នាមានចម្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជានៅក្នុងវត្ត មានចិញ្ចឹមសត្វព្រៃយ៉ាងច្រើន ដូចក្នុងសួនសត្វអញ្ចឹង???

ប្រភព៖ សារព័ត៌មាន kapook
ដោយ៖ សហការី KBN