ទ្វីបអាស៊ីគឺជាទ្វីបធំជាងគេនៅលើពិភពលោក ដែលមានប្រទេសពេញសិទ្ធិចំនួន ៤៨ប្រទេស។ ក្នុងនោះប្រទេសចិនគឺជាប្រទេសធំជាងគេនៅលើទ្វីបនេះ ខណៈប្រទេសដែលតូចជាងគេបំផុតគឺប្រទេសដែនកោះម៉ាល់ឌីវ។ នៅទ្វីបអាស៊ីមានរមណីយដ្ឋានល្បីៗជាច្រើន ក៏ដូចជាមានវប្បធម៌ដ៏សម្បូរបែប អាហារឆ្ងាញ់ៗ ទេសភាពដ៏ស្ងប់ស្ងាត់នៃអាស៊ីកណ្តាល រួមទាំងមានភ្នំព្រៃឈើបែបធម្មជាតិដ៏ស្រស់ស្អាត ផ្តល់ឱ្យភ្ញៀវទេសចរនូវការចងចាំដ៏ល្អ ភាពសប្បាយរីករាយ និងបង្កើតអនុស្សាវរីយ៍ដ៏យូរអង្វែង ជាពិសេសនោះគឺមិនចំណាយប្រាក់ច្រើនពេកនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipCVa4drGreUdhsFA8X8ELqbF9XciLlgVTHBRcv1NWqXoTTkgEyzSw0Mutft3ud_rNb0Aa6OzL9z-NJE6RSMyudKuNQqblePlqI2yvpF4myg1pjoZXMgI4DcbnaVBoijyPDFcYuiFnFQ-3sEplfu7OjXxPg_p0kO3ZlBfvc6NdFgNTBQCCHme_F_3OvAI/s1600/4cd0481c-7fad-41ed-822a-51d701f1aace.jpg

ដូច្នេះប្រសិនបើភ្ញៀវទេសចរអន្តរជាតិចង់ដើរកម្សាន្តសប្បាយរីករាយ ជាមួយនឹងការចំណាយសមរម្យ ពួកគេអាចជ្រើសរើសប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍ដែលមានតម្លៃសមរម្យបំផុតជាប់ចំណាត់ថ្នាក់លេខ ៣ នៅអាស៊ីនេះបើយោងតាមការចុះផ្សាយរបស់ Vinpearl។ ខណៈដែលចំណាត់ថ្នាក់លេខ ១ បានទៅលើប្រទេសថៃ និងលេខ ២ បានទៅលើប្រទេសវៀតណាម។ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមួយនៅអាស៊ីអាគ្នេយ៍ ក្នុងនោះភ្ញៀវទេសចរអាចរីករាយជាមួយការទស្សនា និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយនៅរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ឬក៏ទៅទស្សនាសារមន្ទីរជាតិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilgba_gHEZF_gudI7QEf9Kn8qE84GBRb5pmRj48NrQI3o45zgeLk-lUrzzIz1GhP-CpeXAImDZ5vyeEuVrTzSggtnF9J3rb-gYYcXMK2HRLrp8nCFYnYqcXI2wczJ5ugQRQOrvH4XPS8rfzObyKiJQfZF_-BSGwHXHkBjSzeDrKWz7LfVRrYb4-CP2Azc/s1024/177375646.jpg

លើសពីនេះភ្ញៀវទេសចរក៏អាចធ្វើដំណើរចេញពីរាជធានីភ្នំពេញ ហើយអាចបន្តទៅទស្សនានៅតាមតំបន់បេតិភណ្ឌរបស់អង្គការយូណេស្កូ មានដូចជាប្រាសាទអង្គរវត្តនិងរមណីយដ្ឋានអង្គរទាំងមូលដែលស្ថិតនៅខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារនៅខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំ ឬក៏អាចទៅទស្សនានៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលលាតសន្ធឹងនៅតាមខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង។ កម្ពុជាក៏មានភាពសម្បូរបែបផងដែរជាមួយនឹងតំបន់អេកូទេសចរណ៍នៅភាគឦសានប្រទេស នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ឬក៏ទៅទស្សនាសត្វផ្សោតដែលជាសត្វកម្រជិតផុតពូជនៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJX4ELej9RZi0HcOYz6PWeIlbkRWq3M6FTPTX8u-xEf48pHJT_eAvYswt1FtznKvUnbe6UQOOMEw1-4aSjDVGHKh9cAEtao3o5uyPSnybcOhdJ4xL9iAGj01qzVvTlBL7uV01MbPDR3d583s2zVs9j3wsyn-gk4RBwPHMF4hIc1ceJYPHMqXkccm1c6NA/s1024/529234280.jpg

ជម្រើសពិសេសផ្សេងទៀត គឺការទៅទស្សនាតំបន់បេតិកភណ្ឌសម័យអាណានិគមនៅខេត្តបាត់ដំបង ខេត្តកំពត និងខេត្តក្រចេះជាដើម។ ទន្ទឹមនឹងនេះភ្ញៀវទេសចរក៏អាចទៅទស្សនាទេសភាពបឹងទន្លេសាបដែលជាបឹងដ៏ធំជាងគេមួយនៅអាស៊ី ក្នុងនោះមានច្រកទៅទស្សនាតាមផ្លូវទឹកជាច្រើនកន្លែងនៅខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម។ បន្ថែមពីនេះនៅមានម្ហូបអាហារ ទស្សនីយភាពសិល្បៈ ជីវភាពរស់នៅរបស់ប្រជាជន ឈ្វេងយល់អំពីវប្បធម៌-អរិយធម៌ដ៏ចំណាស់មួយនៅអាស៊ី និងមានផលិតផលទេសចរណ៍ជាច្រើនទៀតដែលភ្ញៀវទេសចរអាចរីករាយក្នុងការស្នាក់នៅ និងទស្សនាកម្សាន្តជាមួយនឹងការចំណាយសមរម្យបំផុត៕https://cdn.britannica.com/56/122156-050-F5B469C8/overview-complex-Angkor-Wat-Cambodia.jpg