ប្រទេសម៉ាឡេស៊ី៖ ជាធម្មតា យើងច្រើនតែឮ ការចាប់រំលោភ ដោយយកជនរងគ្រោះ ចូលទៅក្នុងព្រៃ ដើម្បីរំលោភ រឺក៏នៅក្នុងអគារ និងកន្លែងស្ងាត់ៗជាដើម ប៉ុន្តែករណីមួយនេះ គឺជារឿងដែលគួរឲ្យហួសចិត្តមួយ និងរន្ធត់ខ្លាំងផងដែរ ចំពោះជនរងគ្រោះជានារីភេទ ដែលជនល្មោភកាម រោគចិត្តម្នាក់ ចូលទៅចាប់រំលោភ ក្នុងបន្ទប់ទឹកក្នុងផ្សារទំនើបមួយកន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី។

បើតាមការចុះផ្សាយ វីដេអូឃ្លីប របស់សារព័ត៌មាន Malaysia Viral News បានឲ្យដឹងថា មានបុរសម្នាក់ ត្រូវបានចាប់ខ្លួន នៅកន្លែងកើតហេតុ ក្នុងបន្ទប់ទឹករបស់នារីតែម្តង ខណៈពេលដែលនារីរងគ្រោះ បានស្រែកខ្លាំងៗឲ្យគេជួយ។ ហើយចាត់ទុកជាសំណាងមួយ ដែលមានមនុស្សអ៊ូរអរនៅទីនោះ ហើយភ្លាមៗនោះ បន្ទាប់ពីឮសម្រែករបស់នារីរងគ្រោះ ក្រុមសន្តិសុខផ្សារ បានចូលមកចាប់ជនល្មើស ទាំងអាក្រាតកាយ នៅក្នុងបន្ទប់ទឹកកើតហេតុតែម្តង ។

បើតាមវីដេអូឃ្លីប បានបង្ហាញពីសកម្មភាព ក្រុមសន្តិសុខចាប់បុរសល្មោភកាម រោគចិត្តម្នាក់ ដោយក្រពាត់ដៃទៅក្រោយ ស្ទើរតែបាក់ ព្រោះតែខឹងនិងអំពើដ៏ស្មោកគ្រោក ដែលបុរសនោះប្រព្រឹត្តិទាំងកណ្តាលថ្ងៃត្រង់ និងកណ្តាលផ្សារទំនើប ដែលជាទីប្រជុំជនមានមនុស្សជាច្រើន នៅទីនោះ ។ ហើយខណៈនោះដែរ គេក៏បានឃើញនារីវ័យក្មេងម្នាក់ បានរត់ចេញពីក្នុងបន្ទប់ទឹក ក្នុងស្ថានភាពភ័យខ្លាច និងតក់ស្លុត នឹកស្មានមិនដល់ថា នៅកណ្តាលផ្សារទំនើបបែបនេះហើយ នៅមានមនុស្សរោគចិត្ត ចូលមកចាប់រំលោភនាងកើតទៀត តែសំណាងល្អ ដែលសន្តិសុខផ្សារចូលទៅជួយទាន់ពេល ៕

ប្រភព៖ Malaysia Viral News
ដោយ៖ សហការី KBN