ប្រទេសចិន៖ យោងតាមប្រភព កាសែត Shanghaiist បានចុះផ្សាយវីដេអូឃ្លីបមួយ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម ផ្អើលកក្រើកនៅប្រទេសចិន ហើយស៊ែរតៗគ្នា ដោយវីដេអូឃ្លីបនេះ បានកើតឡើងនៅក្នុងក្រុមហ៊ុនចិនមួយ បានដាក់ទោសដល់បុគ្គលិកការងារ របស់ខ្លួនឲ្យផឹកទឹក ដែលដួសចេញពីបង្គន់ ប្រសិនបើពួកគេមិនខិតខំធ្វើការ ឲ្យសម្រេចដល់គោលដៅនោះ ។

កាសែតក្នុងស្រុក បានសរសេរថា ក្រុមបុគ្គលិកទាំងនេះ ធ្វើការនៅក្នុងស្ទូឌីយោកាត់តរូបភាពមួយកន្លែង ស្ថិតនៅក្នុងក្រុងក្វាងអ៊ាន់ ប្រទេសចិន។

បើតាមការរៀបរាប់ ពីអ្នកដឹងហេតុការណ៍នេះ បានប្រាប់ថា មូលហេតុដែលបណ្តាលឲ្យមានការ ដាក់ទោសទាន់នេះ គឺដោយសារតែបុគ្គលិក មិនខំធ្វើការ ហើយបានសម្តែងអការៈមិនពេញចិត្ត និងធុញទ្រាន់ចំពោះការងាររបស់ពួកគេ។ ដោយសារហេតុនេះហើយ ទើបថៅកែបានដាក់ទោសពួកគេ ឲ្យដួសទឹកដែលនៅក្នុងបង្គន់ យកមកផឹកឲ្យអស់ជាការព្រមាន ។

វីដេអូឃ្លីបមួយនេះ ត្រូវបានលួចថតដោយបុគ្គលិកក្រុមហ៊ុន ហើយបានផ្ញើរចែកចាយតៗគ្នា តាមរយៈ WeChat របស់បុគ្គលិកនៅក្នុងក្រុមហ៊ុននោះ ។ ក្រោយពីផ្ទុះព័ត៌មាននេះ កក្រើកក្នុងបណ្តាញសង្គមហើយ មកទល់ពេលនេះ ប៉ូលិសបានចូលទៅចាប់ខ្លួន អ្នកដែលពាក់ព័ន្ធនិងការដាក់ទោស ដ៏គួរឲ្យស្អប់ខ្ពើមមួយនេះ បានចំនួន៤នាក់ហើយ ។

ទោះជាយ៉ាងណាក៏ដោយ ថៅកែក្រុមហ៊ុនខាងលើនេះ បានប្រាប់អ្នកសារព័ត៌មានថា វីដេអូឃ្លីបនោះ មិនបានកើតឡើងនៅក្នុងក្រុមហ៊ុនរបស់ខ្លួនឡើយ តែវាជាវីដេអូដែលស៊ែរតៗគ្នា ដើម្បីឲ្យបុគ្គលិកគ្រប់គ្នា ខិតខំធ្វើការងារតែប៉ុណ្ណោះ ។

វីដេអូឃ្លីបមួយនេះ ត្រូវបានគេធ្វើការរិះគន់ ស្ទើរគ្រប់មជ្ឍដ្ឋាន ព្រោះមើលទៅវាជាអំពើអមនុស្សធម៌បំផុត ដែលរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារធ្ងន់ធ្ងរបំផុត ហើយក៏មានអ្នកស្នើឲ្យចាប់ថៅកែក្រុមហ៊ុន ដាក់ទោសឲ្យបានធ្ងន់ផងដែរ ៕

ប្រភព៖ Sanghaiiest
Translate by: សហការី KBN