យន្តហោះ​ទម្លាក់​គ្រាប់​បែក​ នុយក្លេអ៊ែរ​អាមេរិក​ចំនួន ​២​គ្រឿង​ម៉ាក​ B-1B​ ពេលនេះ​ត្រូវ​បាន ​រាយការណ៍​មក​ថា​ ​កំពុង​ហោះហើរ​ទៅ​កាន់​ដែន​អាកាស ​កូរ៉េខាងត្បូង​ ក្នុង​គោលបំណង​ធ្វើ​ប្រតិបត្តិការ​សម​យុទ្ធ​ទម្លាក់​គ្រាប់​ ចំ​ពេល​ដែល​កើន​កម្ដៅ​​ជាមួយ​កូរ៉េខាងជើង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន ​yonhapnews ​​ចុះផ្សាយ​នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ​មុន​នេះ​​បន្តិច​។

យោង​តាម​សេចក្ដីរាយការណ៍​ពី​ទ័ព​អាកាស​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​ថា​ កង​កម្លាំង​របស់​ពួកគេ​នឹង​ចូលរួម​ធ្វើ​សម​យុទ្ធ​ជា​មួយ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​អាមេរិក ដែល​កំពុង​ហោះ​ហើរ​នៅ​ដែន​អាកាស​នៃ​ឧបទ្វីប​កូរ៉េ​។ ប្រភព​ដដែល​បាន​បន្ថែម​​ទៀត​ថា​ ក្នុង​សម​យុទ្ធ​លើក​នេះ​ អាមេរិក​មាន​គម្រោង​ប្រើ​យន្តហោះ​ចម្បាំង​ម៉ាក​ F-15k ​មួយ​គ្រឿង​ថែម​ទៀត​ ដើម្បី​ជា​ការ​ឆ្លើយតប​ដោយ​កំហឹង​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ ចំពោះ​ពល​រដ្ឋ​របស់​ខ្លួន​ម្នាក់​ដែល​បាន​ស្លាប់​ក្រោយ​បញ្ជូន​ត្រឡប់​ពី​កូរ៉េខាងជើង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សកម្មភាព​យោធា​របស់​សហរដ្ឋ​អាមេរិក​ នៅ​ឧបទ្វីប​កូរ៉េ​លើក​នេះ​ ត្រូវ​បាន​កើត​ឡើង​ភ្លាម​ៗ​ ខណៈ​ដែល​​និស្សិត​ជន​ជាតិ​អាមេរិក​ម្នាក់​ឈ្មោះ ​Otto Warmbier​ បាត់​បង់​ជីវិត​ បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ដោះលែង​វិញ​កាល​ពី​សប្ដាហ៍​មុន​ ក្រោយ​​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​​ជាង​ ១​ឆ្នាំ​៕

ផ្តល់សិទ្ធដោយ៖ kqube.net