បាងកក ប្រទេសថៃ៖ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃ១៩ មិថុនា ២០១៧ មានឧប្បទ្ទវហេតុមួយ បានកើតឡើងនៅលើស្ថានីយ៍រថភ្លើង លើអាកាស (Airport link) ក្នុងក្រុងបាងកក ដោយមានស្ត្រីម្នាក់ បានអោនទៅមើលក្បួនរថភ្លើង ដែលកំពុងធ្វើដំណើរ ចូលមកដល់ស្ថានីយ៍។

ក្រោយពីបានឃើញរថភ្លើងមកដល់ ស្ត្រីរងគ្រោះបានឈានជើង ដើរចូលផ្លូវរថភ្លើង៣ជំហាន បណ្តាលឲ្យធ្លាក់ចូលក្នុងផ្លូវរថភ្លើងនោះតែម្តង ស្របពេលដែលរថភ្លើងមកដល់ល្មម ក៏បានកិនពីលើស្ត្រីរងគ្រោះ ស្លាប់ភ្លាមៗគួរឲ្យរន្ធត់ក្រៃលែង ។

បើតាមការសួរនាំ ទៅកាន់បុគ្គលិក ស្ថានីយ៍រថភ្លើងអាកាស គាត់បានរៀបរាប់ថា ពេលដែលគាត់ឃើញស្ត្រីរងគ្រោះ ធ្លាក់ចូលក្នុងផ្លូវរថភ្លើង គាត់បានចុចកុងតាក់ ឈប់បន្ទាន់ដែរ តែរថភ្លើងកំពុងតែមានល្បឿន និងរត់ចូលទៅដល់ ចំណុចឈប់របស់ស្ថានីយ៍ ទទួលអ្នកដំណើរទៅហើយ គឺសល់តែ៥០ម៉ែត្រតែប៉ុណ្ណោះ ទោះជាយ៉ាងណា រថភ្លើងមិនអាចឈប់ភ្លាមៗ ដូចជាន់ហ្វ្រាំងរថយន្តបានឡើយ ទើបធ្វើឲ្យជ្រុលទៅកិនស្ត្រីរងគ្រោះ ស្លាប់បែបនេះ ។

ទោះជាយ៉ាងណានៅពេលនេះ ប៉ូលិសមិនទាន់អាចរកចម្លើយ សរុបណាមួយច្បាស់លាស់នោះឡើយថា ជាឧប្បទ្ទវហេតុ ឬក៏ជាការតាំងចិត្តធ្វើអត្តឃាត របស់ស្ត្រីរងគ្រោះ ហើយកំពុងតែធ្វើការស៊ើបអង្កេតបន្ថែម ។

ក្រោយពីកើតហេតុ ប៉ូលិសបានបង្ហាញឈ្មោះ ជនរងគ្រោះ និងសកម្មភាពរបស់សព តាមរយៈការពិនិត្យ ទៅលើកាម៉េរ៉ាសុវត្ថិភាព នៅក្នុងស្ថានីយ៍រថភ្លើង គឺនាងមានឈ្មោះ រសនិរន្ធ ប្លៀនឡា អាយុ៣១ឆ្នាំ ហើយនាងកំពុងតែមានផ្ទៃពោះ៦ខែទៀតផង ។

បើតាមការសាកសួរ ពីអ្នកដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ប៉ូលិសថា ស្ត្រីរងគ្រោះនោះ អាចមានអាការៈងងឹតមុខ ឬខ្យល់ចាប់ មុនពេលដែលនាងឈានជើង ធ្លាក់ចូលក្នុងផ្លូវរថភ្លើងនោះ ៕

ប្រែសម្រួលដោយ៖ ណារិន KBN