ប្រទេស​ព័រទុយហ្គាល់​ ប្រកាស​កាន់​ទុក្ខ​រយៈ​ពេល​ ៣ថ្ងៃ​ បន្ទាប់​ពី​មនុស្ស​ចំនួន​ ៦១​នាក់​បាន​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ភ្លើង​ឆេះ​ព្រៃ ដ៏​សន្ធោ​សន្ធៅ​មួយ​នៅ​តាម​បណ្ដោយ​ជួរ​ភ្នំ​ ចម្ងាយ​ប្រមាណ​ជា​ ២០០​គីឡូម៉ែត្រ​ពី​ភាគ​ឦសាន​នៃ​រដ្ឋធានី​ Lisbon។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ BBC។

រដ្ឋាភិបាល​ព័រទុយហ្គាល់​បាន​ប្រកាស​ឲ្យ​ប្រជាជន​កាន់ទុក្ខ​ចំនួន ​៣​ថ្ងៃ​ ដើម្បី​ចូល​រួម​សម្ដែង​នៅ​ការ​សោកស្ដាយ​ចំពោះ​ប្រជាជន​ ៦១​នាក់ ដែល​បាន​​បាត់​បង់​ជីវិត​យ៉ាង​អាណោច​អាធ័ម​បំផុត។ គ្រោះថ្នាក់​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​នេះ​ ត្រូវ​បាន​នាយករដ្ឋមន្ត្រី​លោក​ Antonio Costa ហៅ​ថា​ វា​ជា​សោកនាដកម្ម​មួយ​យ៉ាង​ធ្ងន់ធ្ងរ​ និង​ជា​ប្រទេស​មួយ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​បំផុត​ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​។

គួរ​រម្លឹក​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៧ ខែ​មិថុនា​ សប្ដាហ៍​មុន​នេះ ​ប្រទេស​ព័រទុយហ្គាល់​បាន​ជួប​នឹង​មហន្តរាយ​​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​រន្ធត់​ បណ្ដាល​ឲ្យ​ខូចខាត​ធនធាន​ធម្មជាតិ​ ស្ទើរតែ​ទាំង​ស្រុង​ ទោះ​បី​ជា​មាន​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​រាប់​រយ​នាក់​ បូក​រួម​ទាំង​​យន្ត​ហោះ​បាញ់​ទឹក​ពី​លើ​អាកាស​យ៉ាង​ណា​ក៏​ដោយ​។​ អាជ្ញាធរ​​បញ្ជាក់​ថា​ ចំនួន​ប្រជាជន​ស្លាប់​សរុប ​៦១​នាក់​ស្លាប់​ និង​ ៥៤​នាក់​ផ្សេង​ទៀត​រង​របួស​៕ ផ្ដល់សិទ្ធដោយ៖ kqube