ប្រទេសថៃ៖ ប៉ូលិសខេត្តលុបបុរី បាននាំកំលាំងចុះទៅពិនិត្យ ករណីឃាតកម្មមួយ នៅក្នុងផ្ទះឈើ២ជាន់ ដោយពេលទៅដល់បានប្រទះឃើញ សាកសពបុរសម្នាក់ឈ្មោះ ប៉ាតាផុង អាយុ២៦ឆ្នាំ ដេកស្លាប់ក្នុងថ្លុកឈាម ដោយសពបានដេកផ្កាប់មុខ ចុះក្រោម ហើយប៉ូលិសបានប្រទះឃើញដាវមួយ ប្រវែង៥០សង់ទីម៉ែត្រ បានបុកចាក់ទំលុះ ចូលដើមទ្រូងសពខាងឆ្វេង ធ្លុះចូលជំរៅ១០សង់ទីម៉ែត្រ ដោយសពបានស្លាប់យ៉ាងអាណោចអាធមបំផុត ។

បើតាមការត្រួតពិនិត្យ របស់ប៉ូលិស រកមិនឃើញមាន ស្លាកស្នាមណាមួយ ដែលបញ្ជាក់ថាជាអំពើឃាតកម្ម ឬវាយដំគ្នានោះឡើយ ។ ហើយបើតាមម្តាយរបស់សព បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនរបស់គាត់ គឺសម្លាប់ខ្លួនឯង មិនបានទាក់ទងនិងអំពើឃាតកម្ម ពីសំណាក់អ្នកផ្សេងនោះទេ។

ម្តាយរបស់សពបានប្រាប់ថា មូលហេតុដែលធ្វើឲ្យកូនប្រុសរបស់គាត់ ដាច់ចិត្តសម្លាប់ខ្លួននោះ ក៏ព្រោះតែប៉ុន្មានថ្ងៃ មុនពេលកើតហេតុ កូនប្រុសរបស់គាត់ មានអាការៈពិបាកចិត្តយ៉ាងខ្លាំង ធុញទ្រាន់ សោកសៅ ក្រោយពីប្រពន្ធរបស់គេ បានរត់ទៅតាមប្រុសថ្មី កាលពី១ខែកន្លងទៅនេះ ។

ហើយថ្មីៗនេះ ប្រពន្ធរបស់គេបាននាំប្រុសថ្មី មកជួបគេហើយបានទាមទារ យករថយន្តដែលទិញរួមគ្នា យកទៅជាមួយដែរ រហូតធ្វើឲ្យកូនប្រុសរបស់គាត់ ពិបាកចិត្ត និងសោកសៅយ៉ាងខ្លាំង ហើយបានបិទទ្វារ ឃុំខ្លួនឯងនៅតែក្នុងផ្ទះទៀតផង ។

ទោះជាយ៉ាងណា អ្នកជិតខាងតែងតែមក លួងលោមកូនប្រុសរបស់គាត់ កុំឲ្យគិតខ្លី ព្យាយាមធ្វើខ្លួនឲ្យសប្បាយ បំភ្លេចចោលនូវទុក្ខសោកទាំងឡាយ តែកូនប្រុសរបស់គាត់ កាន់តែមានភាពស្មុគ្រស្មាញ និងសោកសៅខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃដែលកើតហេតុ រូបគេក៏បានធ្វើអត្តឃាត ដោយយកដាវ បុកចូលដើមទ្រូងសម្លាប់ខ្លួនតែម្តង ។

បន្ទាប់ពីពិនិត្យសាកសពរួច ប៉ូលិសបានធ្វើការសន្និដ្ឋានថា បុរសដែលស្លាប់នោះ បានបង្ខំចិត្តខ្លួនឯង ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន ដោយយកដាវ ទៅបុកចំបេះដូង រហូតដល់ដាច់ខ្យល់ស្លាប់តែម្តង ។

បន្ទាប់ពីធ្វើការពិនិត្យ និងធ្វើរបាយការណ៍ចប់រួចរាល់ហើយ ប៉ូលិសក៏បានប្រគល់សព ទៅឲ្យគ្រួសាររងគ្រោះដើម្បី ធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ សារព័ត៌មានថៃ
ប្រែសម្រួលដោយ៖ ណារិន KBN