ក្រុម​ច្បាប់​អន្តរជាតិ​ កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្ដឹង​ ប្រឆាំង​នឹង​អង្គការ​ណាតូ (NATO) ពី​បទ​ប្រើ​គ្រាប់​បែក ​អ៊ុយរ៉ាញ៉ូម ​របស់​ខ្លួន​វាយ​ប្រហារ​ទៅ​លើ​រដ្ឋ​យូហ្គោស្លាវី ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ នៃអឺរ៉ុប ក្នុង​ឆ្នាំ​១៩៩៩​ បណ្ដាល​ឲ្យ​មាន​ជំងឺ​ទាក់ទង​នឹង​មហារីក​កើត​ឡើង​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​។

មេធាវី​ដឹក​នាំ​ក្រុម​ច្បាប់​អន្តរជាតិ​ លោក ​Srdjan Aleksic ​រួម​ទាំង​មេធាវី​មក​ពី​ រុស្ស៊ី ​សហព័ន្ធ​អឺរ៉ុប​ ឥណ្ឌា​ និង ​ចិន​ បាន​រាប់​រៀប​ឲ្យ​ដឹង​ពី​ដំណើរ​សង្គ្រាម​ថា​ ក្នុង​អំឡុង​ឆ្នាំ​ ១៩៩៩ ​ណាតូ​បាន​ដឹក​នាំ​កង​កម្លាំង​វាយប្រហារ​ទម្លាក់​គ្រាប់បែក​គីមី​​ប្រភេទ​ អ៊ុយរ៉ាញ៉ូម ​ចន្លោះ​ពី​ ១០ ទៅ​១៥​តោន​ទៅ​លើ​ប្រទេស​ ស៊ែប៊ី ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ​​​។

ក្រុម​មេធាវី​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​ ប្រជាជន​ស៊ែប៊ី​ ចំនួន​ ៣៣.០០០​នាក់​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​តែ​សារធាតុគីមី​ ដែល​កើត​ចេញ​ពី​គ្រាប់បែក​អ៊ុយរ៉ាញ៉ូម ក្រោយ​ពេល​ផ្ទុះ។ ជុំវិញ​បញ្ហា​នេះ​ ប្រទេស​ស៊ែប៊ី​បាន​សម្រេច​ប្ដឹង​អង្គការ​អន្តរជាតិ​មួយ​នេះ​ ក្រោយ​ការ​វាយ​ប្រហារ​ ១៩​ឆ្នាំ ​ដោយ​មេធាវី​លើក​ឡើង​ថា​ វា​មិន​យឺត​ពេល​នោះ​ទេ​ ចំពោះ​ការ​កាត់ទោស​ភាគី​ណា​មួយ​ដែល​ប្រើ​អាវុធ​នុយក្លេអ៊ែរ​មក​លើ​បង្ក​មហន្តរាយ​ដល់​បរិស្ថាន​របស់​ខ្លួន។

ជាចុងក្រោយ​លោក ​Srdjan​ Aleksic​ សង្កត់​ធ្ងន់​ថា​ សមាជិក​ ១៩​ប្រទេស​របស់​អង្គការ​ណាតូ​ ពេល​នេះ​ត្រូវ​សង​ថ្លៃ​ខូច​ខាត​ទាំង​អស់​មក​វិញ។ យ៉ាងណាមិញ​ អង្គការ​អន្តរជាតិ​មួយ​នេះ​មិន​ទាន់​ឆ្លើយតប​នោះ​ឡើយ៕

ប្រភព៖ TR
ផ្តល់សិទ្ធដោយ៖ kqube.net