​ភ្នំពេញ ៖ បុរស​ម្នាក់​រួម ​និង​នារី​ម្នាក់ កំពុង​តែ​ជិះ​ម៉ូតូ ​២គ្រឿង​ធ្វើ​ដំណើរ​តាមផ្លូវ​ ទន្ទឹម​គ្នា​ ក៍ស្រាប់តែមាន​បុរស​ម្នាក់​ ស្រវឹង​ស្រា​ជោក​ជាំ​ បានបើក​រថយន្ត​ហាយឡែនឌឺ​ ​​បុក​ពី​ក្រោយ​ទាំង​កំរោល​ បណ្ដាលឱ្យ​បុរស​ម្នាក់ ​បោក​ក្បាល​ហូរឈាម​បាក់​ក​ស្លាប់ ​ហើយ​នារី​ម្នាក់​ទៀត ​រងរបួស​ស្រាល ដែល​​ហេតុការណ៍នេះ កើតឡើង​នៅវេលាម៉ោង​១០និង​១០នាទី​យប់​ ថ្ងៃ​ទី​១១​ ខែ
​មិថុនា​ ឆ្នាំ​២០១៧​ ជិត​កន្លែង​លក់​រថយន្ត​ម៉ាស៊ឺដេស​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ទួល​រកា​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ​ ។

សព​ជនរងគ្រោះ​មានឈ្មោះ​ ហង់ ​វិសាល​ ភេទប្រុស​ អាយុ ២៧ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ ស្នាក់នៅ​ផ្ទះ​ជួល​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ មានស្រុក​កំនើត​នៅភូមិ​ប្រោះស្វា​ ឃុំ​បន្ទាយចក្រី​ ស្រុក​ព្រះស្តេច​ ខេត្ត​ព្រៃវែង​ ជិះម៉ូតូ​ម៉ាក​ស្កុបពី​ផ្កាឈូក​លាយ​ខ្មៅ​ ​ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CH-9856​​ និង​ម្នាក់​ទៀត​ រងរបួស​ស្រាល​ មានឈ្មោះ​ ពៅ​ ស៊ី​ឡា​ ភេទស្រី​ អាយុ ២៦ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់នៅ​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ​ ជិះម៉ូតូ​ម៉ាកស្កុបពី ​ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ ​1FV-3113 ។

ដោយ​ឡែក​ អ្នក​បើកបរ​រថយន្ត​បង្ករ​វិញ​មានឈ្មោះ​ សៀង អេងហ៊ុយ ភេទប្រុស​ អាយុ ​២១ឆ្នាំ​ មុខរបរ​និស្សិត​ឆ្នាំទី​២​ ស្នាក់នៅ​ផ្ទះលេខ៤៥ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្កាល បើករថយន្ត​បង្កម៉ាក​ ហាយឡែនឌឺ​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2V-0997  ។

តាមសម្តី​​ស្រ្តី​ដែល​រង​របួស​ស្រាល​ បានឱ្យដឹងថា​ មុនពេលកើតហេតុ​ ពួក​គេទាំង ២នាក់​ គឺ​ជាមិត្តភក្តិ​ ទើប​​តែ​ចេញ​ពី​ហូប​អាហារ​ នៅ​ម្តុំ​បឹង​ត្របែក​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ
​ចំការមន​ ហើយ​គោល​បំណង​ត្រឡប់​ទៅផ្ទះ​វិញ នៅចាក់អង្រែក្រោម​ ​ដែលរូប​នាង ​បានពឹងបុរស​រង​គ្រោះ​ជូនទៅ​ផ្ទះ​ ដោយ​បានជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ ទន្ទឹម​គ្នា​ ​ធ្វើដំនើរតាមផ្លូវ​ ៦០ម៉ែត្រ​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ។

ខណៈ​មកដល់​ចំនុចកើតហេតុ​ ក៏ស្រាប់​តែមានបុរស​អ្នកបើក​រថយន្ត​បង្ក​ម៉ាក​ហាយឡែនឌឺ​ ពណ៌ស​ បានធ្វើដំនើរតាមផ្លូវ​ ក្នុង​ទិសដៅ​ស្របគ្នា​ ក្នុងល្បឿនលឿន​ ព្រម​ទាំង​ស្រវឹង​ជោកជាំ​ផងនោះ​ ក៍ជ្រុលទៅ​បុក​ម៉ូតូ​ពួកគេ​ទាំងពីរ​នាក់​ ពីក្រោយ​ពេញទំហឹង​ បណ្តាលឱ្យបុរស​បើក​ម៉ូតូ​ស្កុបពី​ ពណ៌​ខ្មៅ​ លាយ​ផ្កាឈូក​ ​ហោះ​ផ្លោង​ជិត​ ៥០ម៉ែត្រ រងរបួស​បែក​ក្បាល​ហូរឈាម​បាក់​ក​ស្លាប់​ រីឯ​ម៉ូតូ​ខ្ទាត​ចេញ​ពី​កន្លែង​កើត​ ប្រហែល ​១០០ម៉ែត្រ​ រងកាខូចខាត​ ខ្ទេច​មួយ​កំណាត់​ខាង​ក្រោយ​ ​ចំនែកស្រ្តី​រងរបួស​រលាត់ដៃជើង​ស្រាល​ រីឯ​ម៉ូតូ​រងកាខូចខាត​ ក្រឡិត​ថ្នាំ​មួយ​ចំហៀង​ខាងស្ដាំ​ ។


 ​
ដោយ​ឡែក​រថយន្ត​បង្ ក​បានរេចង្កូត​បត់​ក្បាល​ត្រលប់​ក្រោយ​វិញ​ រងកាខូចខាត​ខ្ទេច ​និង​
ក្រពិត​ផ្នែក​ខាង​មុខ​ ហើយ​ភ្លាមៗ​នោះ ​អ្នក​បើកបរ​រថយន្ត​ បានចុះ​ពីលើរថយន្ត​រត់​គេច​ខ្លួន​បាន​​ជិត​១០០ម៉ែត្រ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ពលរដ្ឋ​ដេញ​ចាប់​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ បានសមត្ថកិច្ច​ខាង​អន្តរាគមន៍​ទៅជួយ​ឃាត់​ទាន់​ រួច​ហើយ​នាំបានគ្នា​អ្នកបើក​រថយន្ត​បង្ករ​រូបនោះ​ ទៅធ្វើ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ ។ 

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មកពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួចបាន​ប្រគល់​សព​ជនរងគ្រោះ​ ទៅ​ក្រុម​គ្រួសារ​យកទៅ​រៀបចំ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​​ ដោយ​រថយន្ត​បង្ក​​ និង​ម៉ូតូ​២គ្រឿង​ ព្រមទាំង​អ្នក​បើកបរ​រថយន្ត​បង្ក​ ត្រូវ​បានសមត្ថកិច្ច​ធ្វើ​ការ​វាស់​វែង​ រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោ ក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​ ៕ សហការី KBN-LIVE.com