ភ្នំពេញ៖ យុវជនម្នាក់បានបញ្ចេញកំហឹង ដោយខឹងអ្នកជិតខាង ចោទប្រកាន់ថា នាំចៅគេខូច ក៏ចូលទៅវាយអ្នកជិតខាងនោះ ដល់ក្នុងផ្ទះ ដើម្បីបញ្ចេញកំហឹង បណ្តាលអោយស្ត្រីម្នាក់រងរបួសទ្រមខ្លួន និងវាយបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះគេទៀត។

ករណីនេះបង្ករភ្ញាក់ផ្អើល កាលពីម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី០៦ មិថុនា ២០១៧ នៅផ្ទះជួលលេខ៧៥ឃ ផ្លូវលំ ភូមិអរ័គីដេរ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះឈ្មោះចាន់ នឿន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលលេខ៧៥ឃ ផ្លូវលំ ភូមិអរ័គីដេរ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ចំណែកជនបង្ករ គ្រាន់តែដឹងថា ឈ្មោះ យ៉ុត អាយុប្រហែល១៨ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា។

តាមសំដីស្ត្រីឈ្មោះ អូង នី អាយុ៥៧ឆ្នាំ ជាម្តាយស្ត្រីរងគ្រោះ បានប្រាប់ថា កាលពីព្រឹក មុនកើតហេតុ គាត់បានទៅផ្ទះយុវជនបង្ករ រកចៅប្រុសគាត់ ដែលបាត់ពីផ្ទះ (ធ្លាប់ដើរជាមួយយុវជនបង្ករ) ពេលនោះគាត់ បានជួបតែយាយតា របស់យុវជនបង្ករទេ លុះដល់ម៉ោងខាងលើ ស្រាប់តែលេចមុខ ជនបង្ករចូលមកក្នុងផ្ទះគាត់ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ និងបានវាយតប់ទាត់ធាក់ ទៅលើកូនស្រីរបស់គាត់ ជាច្រើនជើងចំពោះ បណ្តាលអោយចុករមួលថែមទៀតផង។

ស្ត្រីដដែលបានប្រាប់ទៀតថា ក្រោយពីយុវជនខាងលើ វាយនិងបំផ្លាញទ្រព្យសម្បត្តិគាត់ហើយ បានដើរមកផ្ទះវិញ ដូចមិនមានរឿងអ្វីកើតឡើងអីចឹង ពេលនោះគាត់បានមកប្រាប់ យាយតាយុវជនបង្ករ អោយដឹងរឿង ស្រាប់តែយុវជនខាងលើ បានហក់មករកវាយគាត់ថែមទៀត ពេលនោះមានគេជួយអន្តរាគមន៍ ចាប់យុវជនខាងលើចូលក្នុងផ្ទះបាត់ទៅ។

ក្រោយហេតុការណ៍កើតឡើង ជនរងគ្រោះ បានត្រឹមមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាប៉ុណ្ណោះ ចំណែកសមត្ថកិច្ចមិនទាន់ថា និងមានចំណាត់ការអោយ នៅពេលណាឡើយ ស្របពេលជនបង្ករ កំពុងនៅផ្ទះយ៉ាងរំភើយ៕

សហការី KBN-live.com