ភ្នំពេញ ៖ បុរសស្រ្តី ប្តីប្រពន្ធមួយគូរ បានបបួលនាំគ្នាមកសាលាសង្កាត់ចោមចៅ កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ក្នុងហេតុផលតែម្យ៉ាង ចង់លែងលះគ្នាក្រោយពីរួមរស់ អស់រយៈពេលជាង៤ឆ្នាំ ខាងស្រីរងកម្ម៣ឆ្នាំមកហើយ ដោយសារការ រស់នៅមិនចុះសម្រុងគ្នា ប្តីផឹកប្រមឹកស្រវឹងខួប មិនជួយរកធ្វើការងារអ្វីសោះឡើយ ។

ភាគីខាងប្តីមានឈ្មោះ ថៃ ប៊ុនហាន ភេទប្រុស អាយុ៣៨ឆ្នាំ អតីតជាកីឡាករប្រដាល់ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ខាងខេត្តកំពង់ស្ពឺ ។ ចំណែកភាគីខាងប្រពន្ធ មានឈ្មោះ រ៉ាយ សុខនៅ អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ គ្រួសារខាងលើ មានកូនស្រីម្នាក់ អាយុទើបបាន២ខួប ជាចំណងស្នេហ៍អាពាហ៍ពិពាហ៍ ។

តាមសម្តីភាគីខាងស្រី បានឲ្យដឹងថា ពួកគាត់បានរៀបការជាមួយគ្នា អស់រយៈពេលជាង ៤ឆ្នាំកន្លងមកហើយ ទោះជាស្ថានភាពជីវភាព ក្រក្សត់ របរប្តីជាអ្នកប្រដាល់ ប្រពន្ធជាកម្មករកាត់ដេរ ក៏ចំណូលបានត្រឹមហូប រកសល់មិនឃើញ ។ ស្រ្តីដដែលបន្តទៀតថា ក្រោយពីរៀបការ ក្លាយជាប្តីប្រពន្ធ ក្រោយបាន១ឆ្នាំ ប្តីរងគ្រោះបាក់ដៃ ឡើងវ៉ៃប្រកួតលើរិញលែងបាន ក៏ផ្អាកឈប់ទៅ បែជាដើរតែលតោល ចាប់យកអាជីព ជាអ្នកផឹកប្រមឹកវិញម្តង តែមិនដែលប្រើកម្លាំងបាយ វ៉ៃតប់ អំពើហឹង្សាក្នុងគ្រួសារឡើយ គ្រាន់តែទាស់នឹងសម្តី ប្តីថ្ងៃណាក៏ផឹក យប់ណាក៏ស្រវឹង បាត់អស់ហើយពាក្យស័ព្ទ ពិរោះពិសារ សុទ្ធសឹងតែពាក្យ គំរោះគំរើយ ផឹកគ្មានថ្ងៃណាស្វាង លុះត្រាណាបិទភ្នែក ដេកលក់នោះទើបផ្អាកផឹក ។

ការយកស្រាជាត្រីមុខ ជាបញ្ហាមួយ ប្រឈមជាមួយគ្រួសារ កើតក្លាយជាទំនាស់ទាស់សម្តី មាត់ធ្ងន់មាត់តូចដាក់គ្នា គ្មានលួសថ្ងៃណា ក្លាយទៅជារឿងអពមង្គលក្នុងគ្រួសារ ជម្រិញជ្រិញដូចខ្ទឹមជ្រក់ទៅហើយ ការងារអ្វីក៏មិនជួយរក ជួយធ្វើ ដឹងតែបើកភ្នែកឡើង គឺផឹក រហូតដល់ទ្រាំលែងបាន ទោះជាមានកូនស្រីម្នាក់ក៏ដោយ ដាច់ចិត្តព្រមដាក់កាយ ឯកភាពគ្នាលែងលះ ផ្តាច់សង្វាស់ត្រឹមនេះចុះ ទើបនៅព្រឹកថ្ងៃទី០៥ ខែមិថុនានេះ បបួលនាំគ្នា មកជួបអាជ្ញាធរសង្កាត់ចោមចៅ ក្រោមវត្តមាន ម្តាយខាងស្រីមកជាមួយផងដែរ ។

តាមសម្តីភាគីខាងប្រុសវិញ ក្នុងស្ថានភាពជាក់ស្តែង ស្រវឹងជោគ ពេលដែលមកដល់ សាលាសង្កាត់ បានឲ្យដឹងថា ខ្លួនអស់និស្ស័យ ជាមួយប្រពន្ធខ្លួនទៀតហើយ ថ្ងៃណាក៏ជេរ ថ្ងៃណាក៏រអ៊ូរ ខ្លួនសុខចិត្តលែង ដោយគ្មានអ្នកណាបង្ខំឡើយ តែសុំតែម្យ៉ាង គ្រាដែលចុះចេញ សុំយកកូនស្រីទៅជាមួយហើយ ។

តែការលើកឡើង ការស្នើរសុំ របស់ភាគីខាងប្តី នៅចំពោះមុខភរិយា ត្រូវបាន ម្តាយក្មេក ប្រពន្ធបដិសេដ មិនឲ្យកូនស្រីទៅរស់នៅជាមួយប្តីឡើយ កាលបើស្រវឹងខួបចឹង តើមានអ្វីជាទីពឹង សម្រាប់អនាគតកូន ។

ភាគីទំនាស់ ប្តីប្រពន្ធខាងលើ ថ្វីបើបបួលគ្នា មកសុំការលែងលះ ដោយស្ម័គចិត្តក៏ពិតមែន តែនៅថ្ងៃទី០៥នេះផងដែរ ពុំមានវត្តមាន ចៅសង្កាត់ ឬមន្រ្តីសាលាសង្កាត់ឡើយ ដោយសារជាប់រវល់ រឿងលទ្ធផលបោះឆ្នោត ទើបប្តីប្រពន្ធខាងលើ នាំគ្នាចាកចេញទៅវិញ ៕

សហការី KBN-live.com