តារាចម្រៀង ចិត្ត កញ្ចនា បានបង្ហាញអារម្មណ៍រំភើបចិត្តឥតឧបមាដែលត្រូវបានជ្រើសរើសជាសិល្បករតំណាងប្រទេសកម្ពុជាដើម្បីចូលរួមសម្តែងនៅមហោស្រពអន្តរជាតិ Round Festival ប្រទេសកូរ៉េ ឆ្នាំ២០២៤។ ឆ្នាំមុនសិល្បករតំណាងកម្ពុជាចូលរួមមហោស្រពនេះគឺជាតារាចម្រៀង មាស សុខសោភា និង ចេន។
ម្ចាស់បទ«Missing You» កញ្ញា ចិត្ត កញ្ចនា បានប្រកាសនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៦ ខែឧសភា ថា«ជំរាបសួរ ROUND FESTIVAL ប្រទេសកូរ៉េ! នាងខ្ញុំ ចិត្ត កញ្ចនា មកពីប្រទេសកម្ពុជា ។ អបអរសាទរដល់ខ្លួនឯង ដែលត្រូវបានជ្រើសរើសជាសិល្បករតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមសម្តែងនៅមហោស្រព អន្តរជាតិ Round Festival ប្រទេសកូរ៉េ ឆ្នាំ ២០២៤ សូមពាក្យជូនពរម្នាក់មួយម៉ាត់បានទេ កញ្ចនា ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការឈានជើងទៅសម្តែងនៅឆាកមហោស្រពដ៏ធំប្រចាំឆ្នាំនៅប្រទេសកូរ៉េ»។
ដំណឹងល្អនេះ អ្នកគាំទ្រ និងអ្នកក្នុងចង្កោមសិល្បៈបានចូលរួមសម្តែងក្តីត្រេកអរយ៉ាងខ្លាំងទៅកាន់ កញ្ចនា ដែលទទួលបានឱកាសធំមួយនៅក្នុងជីវិតបានតំណាងប្រទេសជាតិលើកដំបូងជាមួយនឹងវិស័យតន្រ្តីដែលខ្លួនបានប្រឡូកអស់រយៈពេលជាច្រើនឆ្នាំមកនេះ។យ៉ាងណាសម្រាប់កាលបរិច្ឆេតច្បាស់លាស់តារាចម្រៀងរូបនេះមិនទាន់បញ្ជាក់នៅឡើយទេ។
មហោស្រពនេះមានតន្ត្រីករ និងមន្ត្រីវប្បធម៌មកពីប្រទេសសមាជិកទាំងដប់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន និងកូរ៉េខាងត្បូងដើម្បីពង្រីកតន្ត្រីប៉ុបអាស៊ីចូលទៅក្នុងទីផ្សារពិភពលោក។ នៅឆ្នាំ ២០២៣ មហោស្រពតន្ត្រីអាស៊ាននិងកូរ៉េខាងត្បូងបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានសិល្បករចំនួន ១៨នាក់មកពីប្រទេសចំនួន ១១ រួមទាំងប្រទេសកូរ៉េផងដែរ។ ឆ្នាំមុននេះតារាចម្រៀង មាស សុខសោភា និង ចេន បានតំណាងឱ្យកម្ពុជាដោយបានបង្ហើរសំនៀងដ៏ពីរណ្តំក្រោមបទចម្រៀងមានចំណងជើងថា «គូគ្រង»៕










