ភ្នំពេញ ៖ ​​បុរសម្នាក់​ ជាយោធាកម្ម៉ង់ដូរ ឆ័ត្រយោង៩១១ អង្គភាពមុជទឹក ហៅថាឆ្លាម ត្រូវរថយន្តមួយគ្រឿង ម៉ាកCRV បើកបុកចំពីមុខពេញទំហឹង បណ្តាលអោយបោកក្បាល បាក់កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែករថយន្តបង្ក ​បើករត់គេច​១ម៉ោងក្រោយ ​ត្រូវកម្លាំងនគរបាល ស្រុក​អង្គស្នួល ឃាត់បានទាំងអ្នកបើក និងរថយន្ត ដែលគ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី ០៤ មិថុនា ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤ មុខក្លោងទ្វារវត្តអរុណវត្តី ហៅវត្តកំបូលស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ ។

ជនរងគ្រោះមានឈ្មោះ ញ៉ឹម ចំរើន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរយោធា ស្នាក់នៅក្នុងកងពល៩១១ មានស្រុកកំណើត នៅភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
 ជិះម៉ូតូម៉ាក Zoomer.X ពណ៍ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1GG-0499 ។

បើតាមសាក្សី ឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក​ម៉ាក CRV ពណ៍សំបកឪឡឹក បើកតាមបណ្តោយផ្លូវជាតិ៤ ​ទិសដៅពីលិចទៅកើត ក្នុងល្បឿនមួយយ៉ាងលឿន ចំណែកបុរស ជនរងគ្រោះវិញ ជិះម៉ូតូម៉ាក Zoomer .X ​ទិសដៅ​ពីកើតទៅ​លិច ជិះនៅកណ្តាលថ្នល់ មកដល់ចំណុចខាងលើ រថយន្តបង្ក បានបើក​ជែងរថយន្តមួយគ្រឿងទៀត ស្របទិសគ្នា ជ្រុលទៅ​បុកម៉ូតូ ជនរងគ្រោះបើកបញ្រ្ចាសទិសគ្នា ពេញទំហឹង ដោយរថយន្តបុកម៉ូតូជាប់ពីមុខ អូសជាង១០ម៉ែត្រ ធ្វើឲ្យជនរងគ្រោះ ដួលបាក់កស្លាប់ ចំណែកម៉ូតូខ្ទេច មួយកំណាត់មុខ។

រីឯរថយន្តបង្ក បន្ទាប់ពីបុកហើយ ព្យាយាមបើករត់​ជាង១ម៉ោង ទើបសមត្ថកិច្ច ឃាត់រថយន្តបង្ក និងអ្នកបើកបរបាន នៅស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងអ្នករួមការងារ នៅបន្ទាយជាមួយជនរងគ្រោះ បានទៅដល់កន្លែងកើតហេតុ ត្រូវបានអ្នករួមការងារ សុំម៉ូតូយកទៅរក្សាទុក តែសមត្ថកិច្ចមិន​ទាន់​ប្រគល់អោយ បែរជាងខាងយោធា ស្តីបន្ទោសអោយសមត្ថកិច្ច ។ រថយន្តបង្កនិងអ្នក​បើករថយន្តបង្ក ព្រមទាំងម៉ូតូរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចវាស់វែង យកទៅរក្សាទុក នៅ ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

សហការី KBN-live.com