ភ្នំពេញ ៖ នារីជាកម្មការិនីម្នាក់ បានលេបថ្នាំអស់16គ្រាប់ ដោយសារតែខឹងបងស្រី ប្រឡែងលេង ជ្រុលដៃទះមួយកំផ្លៀង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង ៦និង30នាទីព្រលប់ថ្ងៃទី04 ខែមិថុនា ឆ្នាំ2017 នៅបន្ទប់ជួល ស្ថិតក្នុងភូមិ បឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នារីដែលលេបថ្នាំ ធ្វើអត្តឃាតមានឈ្មោះ អែល ភា អាយុ18ឆ្នាំ មុខរបរកម្មករ រោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល ម្តុំបឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ​មានស្រុកកំណើតនៅភូមិពាម ឃុំពាម ស្រុកព្រៃក្បាស ខេត្តតាកែវ។

តាមសម្តីបងស្រីមានឈ្មោះ អែល ភី អាយុ24ឆ្នាំ មុខរបរកម្មករ រោងចក្រកាត់ដេរ ស្នាក់នៅជាមួយគ្នា បានអោយដឹងថា កាលពីវេលាម៉ោង ៦និង30នាទីព្រលប់ ថ្ងៃទី04 ខែមិថុនា ឆ្នាំ2017 រូបគេទាំងពីរនាក់បងប្អូន បានអង្គុយលេងនៅក្នុងបន្ទប់ ដោយបានប្រឡែងញ៉េះញ៉ោះគ្នា ទៅវិញទៅមក ធ្វើឲ្យរូបគាត់ជាបងស្រី​ បានជ្រុលដៃ ទៅទះកំភ្លៀងប្អូនស្រីមួយដៃ បណ្តាលអោយប្អូនស្រី មានចិត្តខឹងនិងបងស្រី ក៏បានស្ទុះទៅ​ទាញ យកថ្នាំគ្រាប់ ដែលជាប្រភេទថ្នាំស្ល របស់ថ្នាំបុរាណ ដែលទុកនៅក្នុងផ្ទះ សំរាប់ពេលមានជំងឺផ្សេងៗ ផឹកអស់ចំនួន16គ្រាប់ រហូត​ប្រតិកម្មជាតិថ្នាំ ទើបរូបគាត់ដឹកតាមរឺម៉កម៉ូតូ យកទៅព្យាបាល នៅឯមន្ទីរពេទ្យព្រះកុសុមៈ៕

សហការី KBN-live.com