ភ្នំពេញ៖ បុរសម្នាក់ បានបើកបររថយន្ត ទាំងអាការៈស្រវឹង ទៅបុករថយន្តមួយគ្រឿងទៀត ពីក្រោយ ហើយព្យាយាមបើករត់គេចខ្លួន ត្រូវភាគីរថយន្តរងគ្រោះ ដេញតាមពីក្រោយឃាត់បាន។
ករណីនេះ បានបង្ករភ្ញាក់ផ្អើល កាលពីម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី០៣ មិថុនា ២០១៧ នៅមុខវត្តសុភាឃួន លើកំណាត់ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ អ្នកបើករថយន្តសងខាង មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពពីអ្នកនៅកន្លែងនោះ បានប្រាប់ថា មុនកើតហេតុ គេឃើញបុរសម្នាក់បើរថយន្តមួយគ្រឿង ម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2E-3066 ជាលក្ខណៈគ្រួសារ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់មុខវត្តសុភាឃួន លើកំណាត់ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានរថយន្តកានរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2U-1316 ជាប្រភេទរថយន្តតាក់ស៊ី ដឹកភ្ញៀវក្នុងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ បើកបរដោយបុរសម្នាក់ ទាំងអាការៈស្រវឹង មកបុកពីក្រោយរថយន្តCRV ពេញទំហឹងតែម្តង ក្រោយពីបុកហើយ អ្នកបើករថយន្តបង្ករ មិនបានឈប់មើលទេ បែរជាបន្ថែមល្បឿន បើករត់មកដល់ភ្លើងស្តុប ចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបឃាត់បាន។

ប្រភពបានប្រាប់ទៀតថា ក្រោយពីឃាត់រថយន្ត ខាងលើបានហើយ គេសង្កេតឃើញ អ្នកបើករថយន្តបង្ករ ស្រវឹងឈរទប់ខ្លួនសឹងមិនកើតផង និងព្យាយាមរត់គេចខ្លួនទៀត ក៏ត្រូវម្ចាស់រថយន្តរងគ្រោះ ចាប់ដៃជាប់ ទៅណាលែងរួច មួយសន្ទុះក្រោយមក អ្នកបើករថយន្តបង្ករ បានទូរស័ព្ទហៅអ្នកបើករថយន្តតាក់ស៊ី ក្នុងព្រលានយន្តហោះ អន្តរជាតិភ្នំពេញដូចគ្នា អោយមកជួយអន្តរាគមន៍ដល់ខ្លួន ដោយប្រាប់ថា ភាគីរថយន្តម្ខាងទៀត រកវ៉ៃ។

ខណៈនោះគេសង្កេតឃើញ ភាគីបើករថយន្តតាក់ស៊ី ចេញមកស្ររជាង១០នាក់ ក្រោយពីឃើញបក្សពួកមកច្រើន ភាគីបើករថយន្តបង្ក ដោយសារខ្លួនស្រវឹង ខ្លាចគេចាប់កំហុស ក៏គេចខ្លួនបាត់តែម្តង ពេលនោះភាគីរថយន្តរងគ្រោះ បានសុំការអន្តរាគមន៍ពីសមត្ថកិច្ចចរាចរណ៍មូលដ្ឋាន អោយចុះមកសំរួល ជួនគាត់ ព្រោះខ្លាចមានរឿងវែងឆ្ងាយ។

សមត្ថកិច្ចចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា ក្រោយពីមានការសំរបសំរួល ពីសមត្ថកិច្ចជាងមួយម៉ោង ទើបបងប្អូនអ្នកបើករថយន្តបង្ក ចេញមុខមកជាតំណាង ធ្វើការចរចារជាមួយភាគីអ្នកបើករថយន្តរងគ្រោះ ដោយព្រមយករថយន្តដែលខូចខាតខាងលើ យកទៅជួសជុល អោយបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្តង៕

សហការី KBN-live.com