បវរកញ្ញា ហ្វីយ៉ាតា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ជាថ្មីបន្ទាន់ពីចែករំលែកសំណេរមួយរបស់លោក ឈួង យីវឆូយ ដែលជានាយកជាតិបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ដោយជំរុញឱ្យមនុស្សស្រីម្នាក់ដែលគេសង្ស័យថាមនុស្សដែលមានរហ័សនាម Black Temple សងលុយ ND ចាស់របស់ខ្លួនវិញ។ មិនត្រឹមតែប៉ុណ្ណោះ ហ្វីយ៉ាតា បង្ហើបថាអ្នកជាប់ថ្មីក៏រងទឹកភ្នែកដូចគ្នាខណៈអ្នកមួយចំនួនស្បែកមុខក្រាស់ដើរចូលកម្មវិធីនោះដោយមិនខ្វល់។

កាលពីថ្ងៃទី២១ ខែតុលា លោក ឈួង យីវឆូយ បានបង្ហោះសំណេរមួយយ៉ាងភ្ញាក់ផ្អើលពីព្រោះទស្សនិកជនកម្រឃើញលោកបញ្ចេញមតិអ្វីនៅលើបណ្តាញសង្គមណាស់ទោះបីជាកម្មវិធីប្រកួតបវរកញ្ញាកាលពីឆ្នាំ២០២៥ រងនូវរឿងចម្រូងចម្រាសក៏ដោយ។ ក្នុងសំណេរនោះអតីត ND Miss Universe Cambodia 2025 បានបង្ហោះថា «ទទួលទូរសព្ទពីមិត្តចាស់ គាត់ call មកសួរនាំពីស្ថានភាពផ្លូវចិត្ត ហើយគាត់ប្រាប់ថា បានឮ “គេ”និយាយមិនល្អពីខ្ញុំ។ ខ្ញុំមិនភ្ញាក់ផ្អើលទេព្រោះកន្លងមកពាក្យប្រឌិតបែបណាក៏ខ្ញុំធ្លាប់ឮអស់ហើយ ហើយខ្ញុំក៏មិនខ្វាយខ្វល់បកស្រាយ ឬរ៉ាយរ៉ាប់អ្វីច្រើនដែរ ព្រោះខ្ញុំឈរលើគោលការណ៍របស់ខ្ញុំគឺ “គុណធម៌ និងភាពស្មោះត្រង់”»។

លោក ឆូយ បង្ហាញថាលោកជឿលើកម្មពៀរព្រោះឥឡូវកម្មទាំងនោះរត់ទៅរកម្ចាស់វាបណ្តើរៗហើយនៅឡើយតែ «លុយ»របស់លោកមិនទាន់រត់មករកលោកវិញសោះព្រោះតែ ”គេ”នៅតែបង្វៀង។ អតីត ND រូបនេះថែមទាំងសង្កត់ធ្ងន់ជាមួយនឹងហាស់ថេកថា «បំណុលមានម្ចាស់ ម្ចាស់បំណុលមិនមែនមានតែម្នាក់» ។
សំណេររបស់លោក ឈួង យីវឆូយ កាន់តែរីកសាយភាពបន្ថែមទៀតបន្ទាប់ពីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានចែករំលែកបន្តនៅថ្ងៃទី២៥ ខែតុលា ។ ហ្វីយ៉ាតា ក៏បានភ្ជាន់មកជាមួយនឹងសម្តីបន្ថែមទៀតពីការបង្ហោះរបស់លោក ឆូយ ថា «សងលុយ ND ខ្ញុំសិនមក.. ប្រើល្បិចដកគេចេញតែអត់លុយសងគេ.. ចង់ធ្វើបាបមនុស្សប៉ុន្មាននាក់ទៀតស្រីល្អ? បវរកញ្ញាដែលទើបជាប់ថ្មីក៏ឃើញគ្នាទឹកភ្នែក.. ហើយនៅមានអ្នកជឿ កាន់ជើងនេះ ហើយនៅដើរចេញចូលកម្មវិធី ធ្វើរឹកមិនដឹងអី ញញឹម រាំលេងសប្បាយ កើតទៀត.. សរសើរស្បែកមុខម៉ង»។
ការចែករំលែករបស់ ហ្វីយ៉ាតា ទៅលើមនុស្សស្រីម្នាក់មិនទាន់សងលុយលោក ឈួង យីវឆូយ ដែលជា ND ចាស់របស់ខ្លួនជំរុញឱ្យមនុស្សជាច្រើនជឿថាគឺជាមនុស្សម្នាក់ដែលមានរហ័សនាមថា Black Temple។ ឈ្មោះ Black Temple គឺបានជាប់លើពាក្យចចាមអារ៉ាមជាច្រើនជុំវិញកម្មវិធីប្រកួតបវរកញ្ញារួមជាមួយនឹងភាពចម្រូងចម្រាសជាមួយនឹង ហ្វីយ៉ាតា ៕










