តារាសម្តែង Dilraba Dilmurat បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ជាថ្មីក្រោយបង្ហាញខ្លួនក្នុងកម្មវិធី VOGUE Forces of Fashion ឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅទីក្រុងស៊ូចូវ ប្រទេសចិនកាលពីរាត្រីថ្ងៃទី២៣ ខែតុលា។ អ្វីដែលធ្វើឱ្យការបង្ហាញខ្លួនរបស់នាងក្លាយជាចំណុចទាក់ទាញបំផុតមួយនៃកម្មវិធីគឺឈុតរ៉ូបប្រណីតដែលមានពន្លឺចែងចាំងពីគ្រាប់គ្រីស្តាល់ រួមជាមួយការតុបតែងសក់ និងគ្រឿងអលង្ការដ៏ស្រស់ស្អាត ជាមួយនឹងមេអំបៅនៅលើបបូរមាត់ដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះ។ 
យោងតាមប្រព័ន្ធផ្សព្វផ្សាយរ៉ូបដែល Dilraba ស្លៀកក្នុងកម្មវិធីនេះគឺជាស្នាដៃម៉ូតលំដាប់ខ្ពស់( Haute Couture) រដូវស្លឹកឈើជ្រុះ/រដូវរងា ឆ្នាំ២០២៦ របស់អ្នករចនាម៉ូតល្បីឈ្មោះ Zuhair Murad។ ឈុតនេះបានបង្ហាញពីភាពប្រណីត និងភាពលេចធ្លោ ដែលស័ក្តិសមនឹងរូបរាង និងបុគ្គលិកលក្ខណៈរបស់ Dilraba។
អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍គឺឈុតឆាកដែលនាងយកមេអំបៅមកដាក់នៅចន្លោះបបូរមាត់ ខណៈកំពុងឈរបង្ហាញម៉ូតលើកម្រាលព្រំក្រហម។ នៅពេលនាងឈរថតរូបមេអំបៅនោះបានហើរចេញបង្កើតជារូបភាពដ៏ប្លែកនិងគួរឱ្យចងចាំ។ ទោះបីមានភ្លៀងធ្លាក់នៅពេលនោះក៏ដោយក៏ការបង្ហាញខ្លួនរបស់នាងនៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកថតរូប និងអ្នកតាមដានកម្មវិធី។

រូបភាព និងវីដេអូពីព្រឹត្តិការណ៍នេះបានចែកចាយយ៉ាងទូលំទូលាយលើបណ្តាញសង្គមចិន និងបណ្តាញសង្គមផ្សេងទៀតដោយមានអ្នកគាំទ្រជាច្រើនសរសើរពីសម្រស់ ការតុបតែងខ្លួន និងភាពជឿជាក់របស់ Dilraba នៅមុខកាមេរ៉ា។ សារព័ត៌មានមួយចំនួនក៏បានរាយការណ៍ថាការបង្ហាញខ្លួនរបស់ Dilraba គឺជាចំណុចលេចធ្លោមួយក្នុងចំណោមតារាល្បីៗដែលចូលរួមកម្មវិធីនេះ។

នេះមិនមែនជាលើកទី១នោះទេក្នុងការបង្ហាញខ្លួនលើកម្រាលព្រំក្រហមរបស់ Dilraba ដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ចំពោះសមត្ថភាពស្លៀកពាក់ និងការបង្ហាញម៉ូតរបស់នាង។ នាងតែងតែត្រូវបានគេស្គាល់ថាជាតារាស្រីម្នាក់ដែលមានរូបរាងលេចធ្លោ និងអាចបង្កើតការចាប់អារម្មណ៍តាមរយៈស្ទីលម៉ូដផ្សេងៗ។ 
ការបង្ហាញខ្លួនលើកនេះក៏បានបញ្ជាក់ជាថ្មីពីប្រជាប្រិយភាពរបស់នាងនៅក្នុងវិស័យម៉ូត និងកម្សាន្តចិន ខណៈអ្នកគាំទ្រជាច្រើនកំពុងរង់ចាំមើលសកម្មភាព និងស្នាដៃថ្មីៗរបស់តារាស្រីរូបនេះបន្តទៀត៕










