«LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ដែលជាភាពយន្តឯកសារនិយាយអំពីការលួចប្លន់វត្ថុបុរាណខ្មែរ ការជួញដូរវត្ថុបុរាណដោយខុសច្បាប់ និងកិច្ចខិតខំប្រឹងប្រែងនាំយកសម្បត្តិវប្បធម៌ដែលបានបាត់បង់ត្រឡប់មកកម្ពុជាវិញពុំសូវទទួលបាននូវការគាំទ្រពីទស្សនិកជនកម្ពុជានោះទេ។ អ្នកវិភាគឯករាជ្យ រួមទាំងផេក Review តាមអារម្មណ៍ បានបង្ហាញការសោកស្តាយដែលខ្មែរមួយចំនួនមើលរំលងភាពយន្តឯកសារដ៏ល្អមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidRR9kyczTxG7D4UOK6eC4ponWGGRiM3OJ-zIjq7QlY12vpeznLuDGQpRwMNFhOwZ8tvfPCIhTfSZqReDL8itm9bvSLQSMTgcvz9vDoD2i0LMqVtQpZvux5GlujO57rHKjL5nXrwhPzTCLMpSZPPMTpiMwo8-KEcC8zjZrJyh5o87XJuvfXL5xVdcALRk/s2048/image_2026-07-15_09-22-25.png
កាលពីថ្ងៃទី១៩ ខែតុលា ផេក Review តាមអារម្មណ៍ បានបង្ហោះសំណេរមួយក្រោយចូលទស្សនាភាពយន្តនេះដោយបង្ហាញពីអារម្មណ៍ខកចិត្តចំពោះចំនួនអ្នកចូលទស្សនាក្នុងរោងភាពយន្តដោយលើកឡើងថា «ចូលមើលកុន LOOT ហើយមានអារម្មណ៍ថាខ្មាសបរទេស មើលទៅបរទេសដូចស្រលាញ់របស់ខ្មែរជាងខ្មែរ មួយ Hall មានមនុស្សមើល 8 នាក់ rate 8/10 for me»។

ក្រោយមក អ្នកវិភាគឯករាជ្យ បានចែករំលែកសំណេរនេះបន្តដោយភ្ជាប់ជាមួយការបញ្ចេញមតិយ៉ាងចាក់ដោតអំពីអារម្មណ៍របស់ខ្លួនចំពោះភាពយន្តឯកសារនេះ។ លោកបានសរសេរថា «ខ្ញុំបរិយាយមិនចេញ … អារម្មណ៍ពេលកុនឯកសារដ៏ shock មួយនេះត្រូវបានប្រជាជនខ្លួនឯង មើលរំលង !»។.png)
លោកបានបន្តរៀបរាប់ពីខ្លឹមសារដ៏គួរឱ្យតក់ស្លុតដែលភាពយន្តបានបង្ហាញជាពិសេសការបាត់បង់រូបចម្លាក់ និងវត្ថុបុរាណដែលជាមរតករបស់ដូនតាខ្មែរហើយបានធ្លាក់ទៅក្នុងដៃអ្នកជួញដូរ ឬត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរល្បីៗនៅក្រៅប្រទេស។ អ្នកវិភាគឯករាជ្យបានរំឭកពីឈុតមួយដែលគ្រូរបាំខ្មែរបានឃើញរូបចម្លាក់បុរាណដែលមានប្រភពពីទឹកដីកម្ពុជា នៅក្នុងសាលតាំងពិព័រណ៍។ គ្រូរបាំរូបនោះបានដោះក្រមា ហើយរាំដោយជើងទទេថ្វាយចម្លាក់ព្រះលោកេស្វរៈដែលជាទិដ្ឋភាពធ្វើឱ្យលោកមានអារម្មណ៍រំជួលចិត្ត និងតក់ស្លុតយ៉ាងខ្លាំង។
លោក បន្តថាឈុតនេះបង្ហាញពីទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រជាជនខ្មែរនិងសម្បត្តិវប្បធម៌របស់ខ្លួនព្រោះរូបចម្លាក់ទាំងនេះមិនមែនគ្រាន់តែជាវត្ថុសិល្បៈសម្រាប់ដាក់តាំងបង្ហាញនោះទេ ប៉ុន្តែជាស្នាដៃដែលមានប្រវត្តិសាស្ត្រ ជំនឿ និងអត្ថន័យផ្លូវចិត្តភ្ជាប់ជាមួយសង្គមខ្មែរ។ ជាមួយគ្នានេះ លោកក៏បានសម្តែងការសោកស្តាយចំពោះការលួចយកវត្ថុបុរាណចេញពីប្រទេសកម្ពុជា និងការចំណាយពេលជាច្រើនឆ្នាំរបស់អ្នកស្រាវជ្រាវ អ្នកស៊ើបអង្កេត និងអ្នកពាក់ព័ន្ធ ដើម្បីស្វែងរកភ័ស្តុតាង និងទាមទារឱ្យប្រគល់វត្ថុទាំងនោះត្រឡប់មកប្រទេសដើមវិញ។
សម្រាប់អ្នកវិភាគរូបនេះ ភាពយន្ត «LOOT» មិនមែនគ្រាន់តែជាស្នាដៃសិល្បៈសម្រាប់កម្សាន្តនោះទេ ប៉ុន្តែជាការរំឭកពីប្រវត្តិសាស្ត្រដ៏ឈឺចាប់និងការបាត់បង់មរតកវប្បធម៌ដែលប្រជាជនខ្មែរគួរតែយល់ដឹង។ លោកបានបង្ហាញការខកចិត្តដែលភាពយន្តមួយនេះ ហាក់មិនទាន់ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជនក្នុងស្រុក តាមរយៈបទពិសោធន៍ដែលលោកបានឃើញ។
គួរបញ្ជាក់ថា «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» (LOOT: A Story of Crime and Redemption) គឺជាភាពយន្តឯកសារឆ្នាំ២០២៥ ដែលដឹកនាំដោយលោក Don Millar និងផលិតដោយក្រុមហ៊ុន New Theory Pictures របស់ប្រទេសកាណាដា។ ភាពយន្តនេះមានរយៈពេលប្រហែល ៨៧ នាទី ហើយផ្តោតលើប្រវត្តិនៃការលួចប្លន់វត្ថុបុរាណខ្មែរ បណ្តាញជួញដូរវត្ថុបុរាណ និងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរក និងនាំយកសម្បត្តិវប្បធម៌ដែលបានបាត់បង់ត្រឡប់មកកម្ពុជាវិញ។ ខ្លឹមសាររបស់ភាពយន្តបានរំឭកពីសារៈសំខាន់នៃការការពារមរតកវប្បធម៌ និងការទទួលខុសត្រូវរបស់សង្គមអន្តរជាតិចំពោះវត្ថុបុរាណដែលមានប្រភពមកពីតំបន់ផ្សេងៗ៕










