តារាចម្រៀង Taylor Swift បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្រលាញ់ម៉ូតចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបង្ហាញខ្លួនក្នុងឈុតរ៉ូបរាត្រីពណ៌ខៀវស្រាលរបស់ម៉ាក Dior ក្នុងពិធី Academy Museum Gala 2026 នៅទីក្រុងឡូសអេនជឺឡេស សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ដោយរូបសម្រស់របស់នាងត្រូវបានប្រៀបប្រដូចទៅនឹងម្ចាស់ក្សត្រី Cinderella ក្នុងរឿងនិទាន។

ក្នុងព្រឹត្តិការណ៍ដ៏លេចធ្លោនេះ Taylor Swift បានជ្រើសរើសរ៉ូប Dior ម៉ូតបើកស្មាពណ៌ខៀវស្រាលដូចទឹកកក ដែលមានផ្នែកខាងលើប្រមូលផ្នត់យ៉ាងស្រស់ស្អាត និងសំពត់វែងប៉ោងរលាស់ជាមួយផ្នត់ក្រណាត់ទន់ភ្លន់។ ចំណុចដែលទាក់ទាញភ្នែកបំផុត គឺគ្រឿងតុបតែងរាងជាខ្សែបូដាំត្បូងភ្លឺចែងចាំងនៅត្រង់គែមខាងលើនៃរ៉ូបដែលធ្វើឱ្យរូបរាងរបស់នាងកាន់តែមានភាពស្រស់ស្អាត និងប្រណីត ប្រៀបដូចតួអង្គម្ចាស់ក្សត្រីក្នុងរឿងនិទាន។

ដើម្បីបំពេញឱ្យការតុបតែងខ្លួនកាន់តែស៊ីគ្នា Taylor Swift បានពាក់គ្រឿងអលង្ការពីម៉ាក Chopard រួមជាមួយម៉ូតសក់ខ្លីបែប Lob ដែលត្រូវបានធ្វើឱ្យរួញរលកស្រាលៗ។ អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀត គឺនាងបានផ្លាស់ប្តូរពីការប្រើក្រែមលាបមាត់ពណ៌ក្រហមដែលជារូបសញ្ញាសម្គាល់របស់ខ្លួន មកប្រើពណ៌ផ្កាឈូកស្រាលវិញ ដើម្បីបង្កើតភាពទន់ភ្លន់ និងរ៉ូមែនទិកសមនឹងឈុតសម្លៀកបំពាក់។
.png)
ព្រឹត្តិការណ៍ Academy Museum Gala គឺជាពិធីរៃអង្គាសថវិកាប្រចាំឆ្នាំរបស់សារមន្ទីរ Academy Museum of Motion Pictures ដែលគាំទ្រដល់ការតាំងពិព័រណ៍ កម្មវិធីអប់រំ ការបញ្ចាំងភាពយន្ត និងសកម្មភាពផ្សេងៗរបស់សារមន្ទីរ។ ព្រឹត្តិការណ៍នេះត្រូវបានគេប្រៀបប្រដូចទៅនឹង «Met Gala នៃតំបន់ឆ្នេរខាងលិច» របស់សហរដ្ឋអាម៉េរិក ដោយមានការចូលរួមពីតារាល្បីៗជាច្រើនក្នុងវិស័យភាពយន្ត តន្ត្រី និងម៉ូត។

ក្រៅពីការបង្ហាញខ្លួនលើកម្រាលព្រំក្រហម Taylor Swift ក៏បានចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយបានបង្ហាញការសម្តែងផ្ទាល់នៃបទចម្រៀង «The Fate of Ophelia» ជាលើកដំបូង។ វត្តមានរបស់នាងបានបន្ថែមភាពទាក់ទាញដល់កម្មវិធី ខណៈអ្នកចូលរួមមានឱកាសទស្សនាទាំងសម្រស់នៃការតុបតែងខ្លួន និងសមត្ថភាពសិល្បៈរបស់តារាចម្រៀងលំដាប់ពិភពលោករូបនេះ។
.png)
ការបង្ហាញខ្លួនលើកនេះបានបង្ហាញពីភាពបត់បែននៃស្ទីលម៉ូតរបស់ Taylor Swift ដែលអាចផ្លាស់ប្តូរពីរូបរាងទាន់សម័យ និងទាក់ទាញ ទៅជារូបភាពទន់ភ្លន់ដូចម្ចាស់ក្សត្រីក្នុងរឿងនិទាន៕










