ខណ្ឌធំៗចំនួន ៤ នៅបាងកក កំពុងលិចលង់កប់ក្នុងទឹកស្អុយខ្មៅក្រឹត និងធុំក្លិនអសោចពាសពេញវាល អូសបន្លាយរយៈពេល ៩ ទៅ ១០ ថ្ងៃហើយ ខណៈអ្វីដែលគួរឱ្យបារម្ភ បំផុត គឺជាតិប្រេងចេញពីឡាន សារធាតុគីមីបានលេចធ្លាយ និងសម្រាមស្អុ.យរលួ.យអណ្តែតពេញផ្ទៃទឹក បង្កជាការកកស្ទះលូ ចាល់ទឹកស្អុយ ប៉ះពាល់ដល់សុខាមាលភាពរបស់ប្រជាពលរដ្ឋជាខ្លាំង។
_____________.jpg)
ធុំក្លិនស្អុយអសោចពេញក្រុង! ក្រុងទេពមហានគរ ដែលជាបេះដូងរបស់ប្រទេសថៃ កំពុងជួបវិបត្តិមហន្តរាយសុខភាព និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ ក្រោយពេលទឹកជំនន់ចាស់បានដក់ស្ទះជាប់អូសបន្លាយពេលជិត ១០ ថ្ងៃមកហើយ មិនព្រមស្រកចុះ ព្រមទាំងប្រែពណ៌ទៅជាខ្មៅក្រឹត លាយឡំដោយគំនរសម្រាមកខ្វក់ស្អុយរលួយពេញខណ្ឌធំៗ។ ស្ថានភាពដុនដាបនេះ បានបង្ខំឱ្យប្រជាពលរដ្ឋជាច្រើនចេញមុខមកអង្វរករសុំឱ្យរដ្ឋភិបាលជួយអន្តរាគមន៍ជាបន្ទាន់ ព្រោះពួកគេមិនអាចទ្រាំទ្រនឹងក្លិនស្អុយ និងហានិភ័យជំងឺឆ្លងបានទៀតឡើយ។
យោងតាមការចុះផ្សាយផ្លូវការរបស់សារព័ត៌មានថៃ Thairath News និង Amarin TV គិតត្រឹមដើមតុលានេះ ទឹកជំនន់ចាស់ដែលដក់ជាប់រយៈពេល ៩ ទៅ ១០ ថ្ងៃ បានបង្កការលំបាកខ្លាំងដល់ខណ្ឌសំខាន់ៗ រួមមាន ខណ្ឌឡាតក្រាបាំង ខណ្ឌមីនបុរី ខណ្ឌណងចក និងតំបន់បុរីលំនៅឋានខេហារំក្លៅ។ ផ្អែកតាមរូបភាពជាក់ស្តែង ផ្ទៃទឹកជំនន់នៅក្នុងសហគមន៍បានប្រែជាខ្មៅស្រអាប់ និងមានសភាពអណ្តែតក្រាលទៅដោយកាកសំណល់សម្រាម ព្រមទាំងស្រទាប់ជាតិគីមីប្រេងឡានពណ៌ឥន្ទធនូយ៉ាងច្រើន។ ជាតិប្រេងទាំងនេះបានលេចធ្លាយចេញពីម៉ាស៊ីនរថយន្ត និងម៉ូតូរាប់រយគ្រឿងដែលត្រូវទឹកជន់លិចលង់កប់ពាក់កណ្តាលខ្លួន ដែលវាកំពុងតែបំផ្លាញប្រព័ន្ធអេកូឡូស៊ីដី និងទឹកនៅក្នុងតំបន់ទាំងស្រុង។.jpg)
សេចក្តីរាយការណ៍ផ្ទាល់ពីកម្មវិធីព័ត៌មានរបស់ Amarin TV បានលាតត្រដាងថា មូលហេតុចម្បងដែលធ្វើឱ្យទឹកជំនន់មិនអាចស្រកចុះទៅវិញបាន គឺដោយសារតែមានគំនរសម្រាមកខ្វក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកកស្ទះណែនណាន់តាន់តាប់នៅត្រង់រន្ធប្រឡាយ និងទ្វារទឹកក្រោមដី។ ស្ថានភាពនេះបានជម្រុញឱ្យកិច្ចប្រតិបត្តិការសង្គ្រោះជួបភាពរាំងស្ទះ ព្រោះទោះបីជាអាជ្ញាធរបានដាក់ពង្រាយគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកខ្នាតយក្ស មកសម្រុកបូមទឹកចេញយ៉ាងដុតដៃដុតជើងយ៉ាងណាក៏ដោយ ក៏គំនរសម្រាមដែលបិទមុខលូ បានធ្វើឱ្យសម្ពាធទឹកហូរច្រាលត្រឡប់ថយក្រោយ ចូលមកក្នុងសហគមន៍វិញដដែល។ វិបត្តិនេះបានបង្កើតជាហានិភ័យសុខភាពសាធារណៈកម្រិតខ្ពស់ បង្កឱ្យកើតមានជំងឺទឹកស៊ីជើង រលាកស្បែកធ្ងន់ធ្ងរ និងបង្កបង្កើតជាជម្រកមូសខ្លាខាំឆ្លងជំងឺគ្រុនឈាម ស្របពេលពលរដ្ឋភ័យខ្លាចមេឃធ្លាក់ភ្លៀងថ្មីមកជាន់បន្ថែម។

សរុបមក វិបត្តិទឹកកខ្វក់ និងគំនរសម្រាមស្អុយរលួយដែលបន្សល់ទុកក្រោយគ្រោះទឹកជំនន់នៅក្រុងបាងកក នាដើមខែតុលានេះ មិនត្រឹមតែជាការខូចខាតទ្រព្យសម្បត្តិឡានម៉ូតូប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជា«មហន្តរាយសុខភាពសាធារណៈ និងបរិស្ថាន» ដ៏ធ្ងន់ធ្ងរមួយ។ នេះជារូបភាពឆ្លុះបញ្ចាំង និងជាមេរៀនព្រមានដ៏សំខាន់សម្រាប់កម្ពុជាយើងដូចគ្នា ក្នុងការត្រៀមលក្ខណៈសម្អាតប្រព័ន្ធលូស្ទឹងឱ្យបានស្អាត និងគ្រប់គ្រងសម្រាមឱ្យបានហ្មត់ចត់ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងវិបត្តិទឹកស្អុយរលួយក្នុងសហគមន៍ ពេលមានគ្រោះទឹកជំនន់កើតឡើង៕










