ការប៉ះទង្គិចចរាចរណ៍នៅតាមដងផ្លូវភាគច្រើនសុទ្ធតែបង្កឱ្យមានការប្រកែកគ្នាយ៉ាងតឹងសរសៃកទាមទាររកភាពត្រឹមត្រូវរៀងៗខ្លួនរហូតមានពេលខ្លះរឿងតូចអាចបង្កទៅជាអំពើហិង្សានិងក្លាយទៅជារឿងធំបាន។ ទោះយ៉ាងណាករណីថ្មីៗនេះការប៉ះទង្គិចគ្រោះថ្នាក់ចរាចរណ៍របស់អ្នកបង្កើតមាតិកា អ៊ែលវីន រួមទាំង Xing កំពុងធ្វើឱ្យសាធារណជនចាប់អារម្មណ៍ខ្លាំងពីព្រោះភាគីទាំងសងខាងបានបញ្ចប់ដោយការយោគយល់អធ្យាស្រ័យឱ្យគ្នាបានយ៉ាងល្អបំផុត។
កាលពីកន្លងមកថ្មីៗនេះទស្សនិកជនមួយចំនួនមានការចាប់អារម្មណ៍ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍របស់អ្នកបង្កើតមាតិកា Xing ដែលកែប្រែស្ថានការគ្រោះថ្នាក់ទៅជាមាតិកាប្រកបដោយភាពវិជ្ជមានបញ្ចប់ការដោះស្រាយដោយសន្តិវិធីដោយយល់ព្រមធ្វើឡានរៀងៗខ្លួន។ បន្ទាប់ពីហេតុការណ៍របស់ Xing ពេលនេះអ្នកគាំទ្រកំពុងចាប់អារម្មណ៍មួយទៀតលើករណីគ្រោះថ្នាក់ចរាចរណ៍របស់ អ្នកបង្កើតមាតិកា អ៊ែលវីន ប្អូនប្រុសរបស់តារាសម្តែងនិងអ្នកបង្កើតមាតិកា ប៊ូ ច័ន្ទដាណែត។
អ៊ែលវីន បានចែករំលែកថាលោកបានប៉ះទង្គិចគ្នាដោយមានម៉ូតូមួយគ្រឿងបានជិះមកបុកពីក្រោយឡានលោកដែលកំពុងចតទិញអាហារនៅតាមដងផ្លូវ។ ទោះយ៉ាងណា អ្នកបង្កើតមាតិការូបនេះពុំបានឱ្យភាគីជិះម៉ូតូសងការខូចខាតឱ្យលោកឡើយដោយទទួលស្គាល់ថាលោកក៏មានកំហុសដូចគ្នាទោះបីជាលោកចតនៅកន្លែងដែលយានជំនិះអាចធ្វើចរាចរណ៍ធ្វើដំណើរទៅមកបានប៉ុន្តែលោកបានចតខុសផ្លូវ។

ភ្លាមៗជួបគ្រោះថ្នាក់ អ៊ែលវីន បានចុះទៅជួយលើកម៉ូតូដែលអ្នកជិះមកបុកឡានលោកដោយមានការសំពះសូមទោសផងតែលោកមិនបានទាមទារសំណងឡើយពីព្រោះលោកដឹងខ្លួនឯងថាខុសដូចគ្នា។ អ៊ែលវីន ថាប្រសិនជាការប៉ះទង្គិចគ្នាលើកនេះភាគីខាងម៉ូតូមានរបួសឬខូតខាតណាមួយរូបលោកក៏មិនស្រួលចិត្តប៉ុន្តែជាសំណាងល្អគាត់មិនបានខូចខាតអ្វីឡើយ។ បុរសដែលជាភាគីខាងម៉ូតូក៏បានហៅ អ៊ែលវីន ថាជា«មនុស្សចិត្តល្អ»។

ទន្ទឹមនឹងហេតុការណ៍ជួបគ្រោះថ្នាក់នេះ អ៊ែលវីន បានបង្ហាញថាចុងក្រោយលោកបានជួបហេតុការណ៍មិនសូវល្អជាច្រើនករណីដែលធ្វើឱ្យលោកគិតដល់ហុងស៊ុយដោយក្នុងឆ្នាំនេះលោកឆុងឆ្នាំផងដែរ។

ការប៉ះទង្គិចគ្នានៅលើដងផ្លូវសម្រាប់ Xing រួមទាំង អ៊ែលវីន គឺជាឱកាសមួយដើម្បីបង្ហាញពីដំណោះស្រាយដែលល្អជ្រើសរើសការនិយាយគ្នាប្រកបដោយសន្តិវិធីជាជាងចង់ឈ្នះចាញ់បង្កើតទៅជាជម្លោះ៕










