នៅក្នុងថ្ងៃខួបកំណើតគម្រប់អាយុ៣២ឆ្នាំតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើរឿងដ៏គួរឱ្យស្ងើចសរសើរសម្តែងការដឹងគុណនិងបានជួបជាមួយលោកគ្រូអ្នកគ្រូចាស់ព្រឹទ្ធាចារ្យនៃសាលាវិចិត្រសិល្បៈដែលជាមរតកមនុស្សរស់។
ចែករំលែកនៅលើបណ្តាញសង្គមនាថ្ងៃទី៥ ខែតុលា ទេព បូព្រឹក្ស បានបង្ហោះវីដេអូជាមួយនឹង ជី ដេវីត ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ការគោរពដឹងគុណតែងតែមានជានិច្ច ក្នុងនាមកូនទាំងពីរជាសិល្បៈជំនាន់ក្រោយ សូមចូលរួម ចែករំលែកអនុស្សាវរីយ៍និងការយកចិត្តទុកដាក់នូវថ្ងៃពិសេសនៃយើងខ្ញុំជាមួយ លោកគ្រូអ្នកគ្រូដែលជាមរតកមនុស្សរស់»។ មុននឹងការបង្ហោះនេះ ទេព បូព្រឹក្ស បានបង្ហាញវីដេអូមួយដែលមានសាច់ប្រាក់ជាច្រើនដុំព្រមទាំងមានគម្រោងរៀបចំកម្មវិធីមួយដោយមិនឱ្យ ជី ដេវីត ដឹងមុននោះទេ។
ទោះយ៉ាងណាក្រោយមកមានការចែករំលែកនៅលើបណ្តាញសង្គមពីអ្នកគាំទ្រតារាចម្រៀងទាំងពីររូបនេះរួមទាំងអ្នកសិល្បៈមួយចំនួនដូចជាពិធីការិនី ចាន់ កែវនិមល បវរកញ្ញា អ៊ិន លក្ខិណា ជាដើមបង្ហាញទិដ្ឋភាពមួយចំនួន។ ការជួបជុំលោកគ្រូអ្នកគ្រូចាស់ព្រឹទ្ធាចារ្យនៃសាលាវិចិត្រសិល្បៈ ជី ដេវីត និង ទេព បូព្រឹក្ស មិនត្រឹមតែសម្តែងការដឹងគុណពួកគាត់ប៉ុណ្ណោះទេប៉ុន្តែទឹកប្រាក់ជាដុំៗគេក៏បានឃើញ ទេព បូព្រឹក្ស ផ្តល់ជូនពួកគាត់ដូចគ្នា។ ការបង្ហាញយកចិត្តទុកដាក់សម្រាប់មរតកមនុស្សរស់គឺមានតម្លៃខ្លាំងណាស់ពីព្រោះពួកគាត់បានបណ្តុះបណ្តាលកូនចៅជំនាន់ក្រោយពីសិល្បៈវប្បធម៌ខ្មែរនិងការថែរក្សាវប្បធម៌នេះកុំឱ្យបាត់បង់ផងដែរ។

សកម្មភាពរបស់ ជី ដេវីត និង ទេព បូព្រឹក្ស ទទួលបាននូវការកោតសរសើរនិងស្ងប់ស្ញែងយ៉ាងខ្លាំងពីទស្សនិកជនចំពោះការយកថ្ងៃកំណើតរបស់ខ្លួនមករៀបចំដ៏មានអត្ថន័យបែបនេះ។ ជាញឹកញយ ជី ដេវីត និង ទេព បូព្រឹក្ស គឺជាសិល្បករខ្មែរសម័យដែលខិតខំជួយលើកស្ទួយវប្បធម៌ជាតិខ្លួនទៅតាមលទ្ធភាព។
គួរឱ្យដឹងថាប្តីប្រពន្ធមួយគូនេះកំពុងរស់នៅជីវិតប្រកបដោយសុភមង្គលជាមួយគ្នាដោយបង្កើតបានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ហើយអ្នកទាំងពីរក៏មានគម្រោងមានកូនម្នាក់ទៀតផងដែរ។ ក្រៅពីនេះ ជី ដេវីត និង ទេព បូព្រឹក្ស កំពុងកាក់កបជាមួយនឹងការបើកម៉ាតថ្មីហើយទទួលបានការគាំទ្រពីអតិថិជន ស្របពេលកំពុងសាងសល់ផ្ទះដ៏ប្រណីតសម្រាប់ទុកឱ្យកូនខ្លួន៕










